រាជធានីភ្នំពេញ៖តាំងពីម្សិលមិញបណ្តាញព័ត៌មានទទួលបានលិខិត២ច្បាប់ទី១ លិខិតរបស់លោក សម រង្ស៊ី ដែលផ្ញើទៅលោក កឹម សុខា សុំឲ្យតែងតាំងអ្នកស្រី ជូឡុង ស៊ូម៉ារ៉ា ជាប្រធានគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ និងលោក យឹម សុវណ្ណ ជាអគ្គលេខាធិការគណបក្សសង្គ្រោះជាតិ។ ទី២ លិខិតរបស់លោក កឹម សុខា ផ្ញើទៅលោក សម រង្ស៊ី ដែលមានខ្លឹមសារច្រានចោលនូវសំណើរបស់លោក សម រង្ស៊ី ខាងលើ។
ទាក់ទិននឹងលិខិតទាំង២ខាងលើនេះគេមិនដឹងថា ជាលិខិតផ្លូវការពិតប្រាកដឬ ក្លែងក្លាយនោះទេ ខណៈដែលគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៤ មីនា នេះដោយបានបញ្ជាក់ថា ក្នុងមួយរយៈចុងក្រោយនេះ មានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួន តែងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឯកសារប្រឌិត មួលបង្កាច់ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក្នុងគោលបំណងបន្តុះបង្អាប់ ឆ្កឹះឆ្គៀល បំបែកបំបាក់គណបក្សសង្គ្រោះជាតិ។ ដូច្នោះសូមសារធារណជនកុំភន្ត័ច្រឡំ៕