ដោយ៖ប៉ែន សុផល
បាត់ដំបង៖យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងនិង៣នាក់ផ្សេងទៀតបានរបួសធ្ងន់បាក់ជើងនៅក្នុងហេតុការណ៍ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងលាន់ដូចរន្ទះផ្អើលពេញស្រុកថ្មគោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ខាងលើបានកើតឡើងលើកំណាត់ផ្លូវលេខ៥៧Bនៅវេលាម៉ោង១៨ និង១៥នាទីល្ងាច ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោក ផង់ សុភាព អធិការស្រុកថ្មគោលបានអោយដឹងថា៖ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបង្ករដោយម៉ូតូម៉ាកហុងដាឌ្រីម C125 សេរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1E0435 បើកបរដោយឈ្មោះ រឿន វ័យ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិធ្មា ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបងរបួសធ្ងន់(បាក់ស្មងជើងខាងស្តាំ)។ អ្នករួមដំណើរឈ្មោះ ឡេត ភេទប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិឃុំដូចគ្នារងរបួសបាក់(ភ្លៅឆ្វេង)។
ម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅសេរីឆ្នាំ2015 ពាក់ស្លាកលេខបន្ទាយមានជ័យ1J8338 បើកបរដោយឈ្មោះសឿង ណាវីន ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិត្នោត ឃុំសឿ ស្រុកបវេល ខេត្តបាត់ដំបង(ស្លាប់)។
នៅមុនពេលកើតហេតុគេឃើញម៉ូតូបង្កខាងលើបើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចុះណុចកើតហេតុខាងលើបានឡើងវ៉ារថយន្តមួយគ្រឿងក៍ជ្រុលទៅបុកម៉ូតូក្នុងទិសដៅច្រាស់គ្នាពេញទំហឹងបណ្តាលអោយស្លាប់ម្នាក់ និងរបួសធ្ងន់៣នាក់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់ធ្វើការវាស់វែងរួចដឹកនាំយកជនរងគ្រោះទៅមន្ទីរពេទ្យ ចំំណែកសពប្រគល់អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីដោយឡែកម៉ូតូ២គ្រឿងយកទៅរក្សាទុកនៅអធិការស្រុកថ្មគោលរងចាំដោះស្រាយជាក្រោយ៕