រាជធានីភ្នំពេញ៖សម្តេច ហ៊ុន សែន នៅថ្ងៃនេះ បានព្រមានលោក សម រង្ស៊ី អតីតប្រធានបក្សប្រឆាំងករណីដែលលោក សម រង្ស៊ី ស្រែកពីក្រៅប្រទេសឲ្យនាយករដ្ឋមន្ត្រីចេញលុយសងជំនួសពលរដ្ឋពេលដែលពួកគេខ្ចីពីធនាគារឯកជន។
សម្តេចព្រមានដូច្នេះនៅ ក្នុងឱកាសពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី១ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ។ ដោយ សម្តេចបានបញ្ជាក់ថា អ្នកនយោបាយ១រូប ដែលបានលាលែងចេញពីដំណែងហើយ នៅតែស្រែកឲ្យនាយករដ្ឋមន្ត្រីចេញលុយ សងជំនួសពលរដ្ឋ ពេលពួកគេខ្ចីពីធនាគារ។
សម្តេចថ្លែងអះអាងថា ប្រសិនបើអ្នកណានិយាយថា សងលុយជំនួសពលរដ្ឋ នឹងចាប់វាយខ្នោះ នៅនឹងកន្លែង។ សម្តេចបានបញ្ជាក់ថា “បក្សនយោបាយនានា កុំតាំងខ្លួនជាតួឯក អត់បក្សមួយក៏អត់បញ្ហា ប្រជាធិបតេយ្យស្រុកខ្មែរ មិនមែនមានតែ២បក្សទេ ។ អ្នកណាលុបបំណុល ចាប់វាយខ្នោះនៅហ្នឹងកន្លែង។ ត្រូវសងគេទាំងការទាំងដើម ។ សម្តេចបន្តថា អាមួយស្រែកពីប៉ារីស បើវាអត់ធ្វើនយោបាយទេ ចេះតែស្រែក វាចង្រៃចឹង។ ស្រែកឲ្យហ៊ុន សែន សងលុយ រស់នៅមិនសុខទេ រស់នៅវិលវល់ អាមួយហ្នឹងមិនទេ កុំជ្រុលហួស៕