អាមេរិក៖ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិកកំពុងប្រឈមនឹងភាពអាម៉ាស់ថ្មីបន្ទាប់ពីWikiLeaks បានចេញផ្សាយនូវអ្វីដែលខ្លួនបានរៀបរាប់ថា ជាការលេចធ្លាយធំបំផុតមិនធ្លាប់មាននៃឯកសារសម្ងាត់របស់ CIA ដែលរៀបរាប់លម្អិតអំពីឧបករណ៍ដែលខ្លួនប្រើដើម្បីបំបែកចូលទៅក្នុងទូរស័ព្ទ កម្មវិធីប្រាស្រ័យទាក់ទងនិងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត។
ឯកសារលេចធ្លាយរាប់ពាន់គឺបានផ្តោតសំខាន់ទៅលើបច្ចេកទេសសម្រាប់ការ Hack និងបង្ហាញពីរបៀបដែល CIA បានសហការជាមួយភ្នាក់ងារស៊ើបការណ៍អង់គ្លេសដើម្បីរកវិធីប្រែក្លាយទូរទស្សន៍ទំនើបឲ្យក្លាយទៅជាឧបករណ៍យកការណ៍។ការលេចធ្លាយរបស់ Wikileaks នេះដែលមានឈ្មោះថា “Vault 7” គឺនឹងលើកជាសំណួរជាថ្មីម្តងទៀតអំពីការអសមត្ថភាពរបស់ទីភ្នាក់ងារចារកម្មអាមេរិកក្នុងការការពារឯកសារសម្ងាត់។ វាបានកើតឡើងបន្ទាប់ពីការលេចធ្លាយ។
ការបង្ហាញនៅក្នុងឯកសារនេះរួមមាន៖ ពួក Hacker CIA បានកំណត់គោលដៅលើស្មាតហ្វូននិងកុំព្យូទ័រ។ មជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់តាមអ៊ិនធើណិតដែលមានមូលដ្ឋាននៅឯទីស្នាក់ការកណ្តាលរបស់ CIA ក្នុងទីក្រុង Langley នៃរដ្ឋ Virginia គឺជាមូលដ្ឋានសម្ងាត់ទីពីរនៅស្ថានកុងស៊ុលអាមេរិកក្នុងទីក្រុង Frankfurt ដែលគ្របដណ្តប់តំបន់អឺរ៉ុប មជ្ឈិមបូព៌ានិងអាហ្វ្រិក។ កម្មវិធីមួយដែលមានឈ្មោះថា Weeping Angel បានរៀបរាប់អំពីរបៀបដើម្បីវាយប្រហារទូរទស្សន៍ F8000 របស់ក្រុមហ៊ុន Samsung ដូច្នេះវាហាក់ដូចជាបានបិទប៉ុន្តែវានៅតែអាចត្រូវបានប្រើសម្រាប់ការត្រួតពិនិត្យបាន។
ទោះបីជាយ៉ាងណាក៏ដោយ CIA បានបដិសេធធ្វើអត្ថាធិប្បាយលើការលេចធ្លាយនេះ។ក្នុងសេចក្តីថ្លែងការណ៍មួយ WikiLeaks គឺមិនច្បាស់អំពីប្រភពរបស់វា។ អង្គភាពនេះបាននិយាយថា ឯកសារសំខាន់ទាំងនេះហាក់ដូចជាត្រូវបានគេផ្សព្វផ្សាយនៅក្នុងចំណោមអតីតពួក Hacker របស់រដ្ឋាភិបាលអាមេរិកនិងអ្នកម៉ៅការដែលធ្លាប់ផ្តល់ឯកសារសម្ងាត់ដល់ WikiLeaks។
ការលេចធ្លាយនេះបានបន្ថែមភាពចម្រូងចម្រាស់ថ្មីដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដែលបច្ចុប្បន្នកំពុងរងការចោទប្រកាន់អំពីទំនាក់ទំនងរវាងក្រុមរបស់លោក Donald Trump ជាមួយប្រទេសរុស្ស៊ី។ ក្រុមមន្ត្រីអាមេរិកបានអះអាងថា សកម្មភាពរបស់ WikiLeaks គឺជាបណ្តាញសម្រាប់ការស៊ើបការណ៍របស់រុស្ស៊ីនិងភាគីខាងលោក Trump អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។
នៅពេលសាកសួរអំពីការសរសើររបស់លោក Trump សម្រាប់ WikiLeaks ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំមុននៅពេលដែលវាបញ្ចេញអ៊ីម៉ែលនៃប្រធានយុទ្ធនាការរបស់លោកស្រី Hillary Clinton លេខាធិការផ្នែកព័ត៌មានរបស់សេតវិមានលោក Sean Spicer បានប្រាប់ Guardian ថា “លោកប្រធានាធិបតីបានថ្លែងថា មានភាពខុសគ្នារវាងគណនេយ្យ Gmail និងព័ត៌មានសម្ងាត់”៕