ក្រុមហ៊ុន​Kazantip​ព្យាយាម​ប្រគុំ​តន្ដ្រី​Kazantipasia​លើ​ដែន​កោះពស់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2015 ក+ ក-

ព្រះសីហនុ​៖ ក្រុមហ៊ុន Kazantip បានរៀបចំ​ឯកសារ​ដាក់​ជូនទៅ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​សុំ​ការអនុញ្ញាត​ប្រគុំ​តន្ត្រី Kazantipasia លើ​កោះពស់ ដែល​អាជ្ញាធរ​ធ្លាប់បាន​ជំទាស់​ព្រោះ​មាន​ផលប៉ះពាល់​ដល់​វប្បធម៌​ប្រពៃណី​ខ្មែរ​។​នេះ​បើតាម​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​លោក Artem Harchenko បាន​ថ្លែង​ក្នុង​សន្និសីទ កាសែត​មួយ​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៥​។​

នាយក​ក្រុមហ៊ុន​បាន​ថ្លែងថា ការប្រគុំ​តន្ត្រី​នេះ មិនមាន​ផលប៉ះពាល់​ដល់​វប្បធម៌​ប្រពៃណី​ខ្មែរ​នោះទេ​។​ពិធី​នេះ​នឹង​ធ្វើឡើង​រយៈពេល​១០​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨​កុម្ភៈ ដល់​ថ្ងៃទី​២៨ កុម្ភៈ ហើយ​តម្លៃ​សំបុត្រ​សម្រាប់​ចូល​ទស្សនា​១​សន្លឹក ២០០​ដុល្លារ​សហរដ្ឋអាមេរិក​។ កម្មវិធី​នេះ​ត្រូវបាន​គេ​រំពឹងថា នឹងមាន​អ្នក​មក​ចូលរួម​ទស្សនា​ចំនួន​ជាង​១​ពាន់​នាក់​។​

​គួរ​បញ្ជាក់ថា ការព្យាយាម​បើក​ការប្រគំ​តន្ដ្រី​លើ​ដែន​កោះពស់​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរខេត្ត​ព្រះសីហនុ បានចេញ​លិខិត​សម្រេច​ផ្អាក​នូវ​សកម្មភាព​រៀបចំ​កម្មវិធី​ដំណើរ​កម្សាន្ត របស់​ក្រុមហ៊ុន Kazantip Asia Co., Ltd. ជា​កម្មវិធី​ប្រគុំ​តន្ដ្រី​ដែល​ត្រូវបាន​គេ​ដឹងថា​មាន​លក្ខណៈ​ប្រាសចាក​ពី​ប្រពៃណី វប្បធម៌ និង​កិត្តិយស​ប្រទេស​កម្ពុជា​។

ទោះជា​យ៉ាងនេះ​ក្តី​ការស្នើសុំ​ប្រគុំ​តន្ត្រី Kazantipasia ថ្មី​នេះ នៅ​មិនទាន់មាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរខេត្ត​ព្រះសីហនុ​នៅឡើយ​ទេ​។​

លោក ឈិ​ត សុខុម អភិបាលខេត្ដ​ព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៥ មិនអាច​ទាក់ទង​សុំ​កា​បំភ្លឺ​បានទេ​៕

mn54