អាមេរិក​បញ្ជូន​កង​ម៉ា​រី​ន​ពិសេស​ទៅ​ស៊ី​រី ដើម្បី​រំដោះ​ទីក្រុង​រ៉ា​ក​កា​ពី ISIS
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 March, 2017 ក+ ក-

​ស៊ី​រី​៖​សហរដ្ឋអាមេរិក​បាន​បញ្ជូន​កង​ម៉ា​រី​ន​ពិសេស​មួយក្រុម អមដោយ​កាំភ្លើង​ធំ​ធុន​ធ្ងន់​ទៅកាន់​ប្រទេស​ស៊ី​រី ដើម្បី​ជួយ​ជ្រោមជ្រែង​ក្នុង​ការវាយរំដោះ​ទីក្រុង​រ៉ា​ក​កា​ពី​កណ្ដាប់ដៃ​ពួក ISIS ដែល​នេះ​គឺជា​ការចូលរួមចំណែក​ដ៏​ធំ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ភេរវ​ករ​រដ្ឋ​អ៊ីស្លាម ISIS​។
​យោងតាម Washington Post បាន​ឲ្យ​ដឹងថា កង​ម៉ា​រី​ន​អាមេរិក​ខាងលើ​បាន​ចាក​ចេញពី​ទីក្រុង San Diego នៃ​រដ្ឋ California តាំងតែ​ពី​ខែតុលា ឆ្នាំ​២០១៦​មក​ម្លេះ និង​បាន​ទៅដល់​ប្រទេស​ស៊ី​រី​ហើយ​។ ម្យ៉ាងវិញទៀត កាំភ្លើង​ធំ​ប្រវែង ១៥៥​មី​លី​ម៉ែត្រ​ក៏ត្រូវ​បានដាក់​ពង្រាយ​នៅក្បែរ​ទីក្រុង​រ៉ា​ក​កា​ផងដែរ ដើម្បី​រៀបខ្លួន​វាយលុក ក៏ដូចជា​គាំទ្រ​ដល់​ក្រុម​ឧទ្ទាម​ស៊ី​រី SDF ឬ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី វាយ​រំដោះ​ទីក្រុង​មួយ​នេះ​ពី​ពួក ISIS មកវិញ​ស្របពេល​បច្ចុប្បន្ន​កងទ័ព​អាមេរិក​ជិត​៥០០​នាក់ កំពុងមាន​វត្តមាន​ស្រាប់​នៅលើ​ទឹកដី​ស៊ី​រី​។
​គួរ​បញ្ជាក់ថា ទីក្រុង​រ៉ា​ក​កា​ស្ថិតនៅ​ចំងាយ ១៦០​គីឡូម៉ែត្រ​ពី​ភាគ​ខាងជើង​ទីក្រុង​អា​ឡេ​ប៉ូ បាន​ធ្លាក់​ចូលទៅ​ក្រោម​ការគ្រប់គ្រង​របស់​ពួក ISIS កាលពី ឆ្នាំ​២០១៣ ដោយមាន​សកម្មប្រយុទ្ធ ISIS ពី​៣,០០០​ទៅ​៤,០០០​នាក់ កំពុង​ឈរជើង​ក្នុង​ទីក្រុង​រ៉ា​ក​កា​នេះ និង​មាន​ប្រជាជន​ស៊ី​រី​ប្រមាណ ៣០០,០០០​នាក់​រស់នៅ​៕

fn-2017-03-09-16-28-14-1