ខេត្តកណ្តាល៖បុរសម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីល្បួងនារីគថ្លង់ និងមានជំងឺសរសៃប្រសាទម្នាក់ទៅរំលោភសេពសន្ថវៈនៅក្នុងបន្ទប់ទឹករហូតបានសម្រេច ដែលករណីនេះកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិពុកឫស្សីលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុជនសង្ស័យឈ្មោះជ្រា បូផាន់ ហៅ សុខម៉ាញ ជិះម៉ូតូពីទិសខាងត្បូងនិងបានជួបជាមួយជនរងគ្រោះហើយក៏បានលើកដៃធ្វើជាសញ្ញា ” ស្រលាញ់ ” ដាក់ជនរងគ្រោះ ហើយនាងក៏បានងក់ក្បាល ហើយជនសង្ស័យបាននាំនាងចូលក្នុងបន្ទប់ទឹក និងចាប់សម្រាតខោធ្វើសកម្មភាពរំលោភសេពសន្ថវៈបានសម្រេចតែម្តង។ ចំណែកឪពុកម្តាយជនរងគ្រោះ ដោយបាត់កូនយូរពេកក៏តាមរកកូនឃើញនៅក្នុងបន្ទប់ទឹកស្របពេលដែលជនសង្ស័យដើរចេញពីបន្ទប់ទឹកផងដែរ។
ក្រោយពេលកើតហេតុឪពុករបស់ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ពុកឬស្សី ហើយកម្លាំងសមត្ថកិច្ចបានចុះធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសួរចម្លើយ ជនសង្ស័យបានសារភាពថាខ្លូនពិតជាបានរំលោភសេពសន្ថវៈលើជនរងគ្រោះពិតមែន។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការឃាត់ខ្លួនជនរងគ្រោះដើម្បីកសាងសំណុំរឿង និងដោះស្រាយតាមផ្លូវច្បាប់៕