សព​លោក គីម ជុង​ណា​ម អាច​នឹង​បញ្ចុះ​នៅ​ម៉ាឡេស៊ី បើ​ក្រុមគ្រួសារ​មិន​ទាមទារ​យក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2017 ក+ ក-

ម៉ាឡេស៊ី​៖​អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​ថ្លែងថា ក្រសួង​មិន​ប្រញាប់ប្រញាល់​ធ្វើការ​សម្រេចចិត្ត​នោះឡើយ ហើយ​ក្រសួង​នឹង​សម្រេច​លើ​រឿងនេះ​នៅពេល​ក្រោយ​។ លោក​បញ្ជាក់ថា សព​អាច​នឹង​បញ្ចុះ​នៅ​ម៉ាឡេស៊ី ប្រសិនបើ​ក្រុមគ្រួសារ​មិន​ទាមទារ​យក​សព​ទេនោះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​Channel News Asia​។​
​អនុរដ្ឋមន្ត្រី​សុខាភិបាល​ម៉ាឡេស៊ី លោក ហ៊ីល​មី យ៉ា​ហា​យ៉ា បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា គ្មាន​បទ​ប្បញ្ញត្តិ​ណា​កំណត់​ពី​ពេលវេលា​នៃ​ការថែរក្សា​សព​នៅក្នុង​មន្ទីរពេទ្យ​នោះឡើយ​។ លោក​បន្តថា នៅ​មិនទាន់​សម្រេច​នៅឡើយ​ទេ​ថា តើ​ពួកគេ​នឹង​ចាត់ចែង​យ៉ាងម៉េច​ចំពោះ​សព​លោក គីម ជុង​ណា​ម បងប្រុស​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន​។​
​គួរ​បញ្ជាក់ថា លោក គីម ជុង​ណា​ម ត្រូវបាន​គេ​បំពុល​ឲ្យ​ស្លាប់​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​គួ​ឡា​ឡំ​ពួរ កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ​កន្លងមកនេះ ហើយ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ​ក្រសួងសុខាភិបាល៕

1