ដោយ៖ប៉ែន សុផល
បាត់ដំបង៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងនិងម្នាក់ទៀតរងរបួសស្រាលក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបីគ្រឿងប៉ះគ្នាក្នុងស្រុកថ្មគោល។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១១និង១០នាទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី៣៩ ស្ថិតក្នុងភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ម៉ូតូបង្កម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ សេរី២០០៨ ពាក់ស្លាកលេខកំពង់(ចាម1A2791)បើកបរដោយឈ្មោះ ឈិន សម្បើម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង (ស្លាប់ )។ ចំណែកម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីមC100 សេរីឆ្នាំ1986 ពណ៌ក្រហម ពាក់ស្លាកលេខ (ក០៣៦២ ប ជ១ )អ្នកបើកបរឈ្មោះ សំ គោម ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរធ្វើស្រែមានទីលំនៅភូមិកណ្តាលខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(របួសស្រាល)។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូបង្កហេតុខាងលើ បើកបរក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានឡើងជែងប៉ះនឹងម៉ូតូ១គ្រឿងធ្វើដំណើរស្របគ្នាបណ្តាលអោយដួលបោកក្បាលទៅនឹងថ្នល់ ស្លាប់នៅហ្នឹងកន្លែងតែម្តង ។
បច្ចុប្បន្នម៉ូតូទាំងបីគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោលចំណែកសពរងគ្រោះប្រគល់អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
ម៉ូតូ៣គ្រឿងប៉ះគ្នាបណ្តាលអោយម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសស្រាល