ខេត្តពោធិ៍សាត់៖កម្លាំងចម្រុះបានចុះបង្ក្រាបរថយន្តភ្លៅ៥ដឹកឈើពេញ និងរកឃើញវត្ថុតាង (ឈើ)យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត ជ្រកក្រោមយីហោឈ្មោះ ហេង ផល្លី មានទទួលទិញពោត សណ្ដែក ល្ង ដំឡូងមី និងលក់គ្រឿងសំណងគ្រប់ប្រភេទ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅចំណុចភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
មន្ត្រីកងរាជអាវុធហត្ថចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា កម្លាំងមន្ត្រីជំនាញដឹកនាំដោយលោក ហម សាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទចុះសហការនេះ លទ្ធកម្លាំងធ្វើការបង្ក្រាបបានរួមមាន រថយន្តចំណុះភ្លៅ ៥ចំនួន ១គ្រឿងម៉ាក ហ្វុយហ្សូ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ដឹកឈើហុបអារជ្រុងប្រភេទ(រាជកុល)ពេញរថយន្តចំនួន ៩០ដុំ ស្មើនឹង ៣០,១២ម៉ែត្រតីគុណ។
មន្ត្រីដដែលបញ្ជាក់ថា កម្លាំងចម្រុះបានឈានដល់ធ្វើការឆែកឆេឃាំ្លងយីហោ(ហេង ផល្លី) មានទទួលទិញពោត សណ្ដែក ល្ង ដំឡូងមី និងលក់គ្រឿងគ្រប់ប្រភេទ របស់ឈ្មោះ ហេង ផល្លី ភេទស្រី អាយុ ៤១ឆ្នាំ បច្ចុប្បន្នរស់នៅស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងរកឃើញវត្ថុតាងឈើប្រភេទ(រាជកុល)ចំនួន ៥១ដុំ ស្មើនឹងចំនួន ៥,៧៦១ម៉ែត្រតីគុណ និងឈើអារប្រភេទប្រណិត(ធ្នង់)ចំនួន ៩៥កំណាត់ ស្មើរនឹងចំនួន ២២២៥គីឡូក្រាម និងឈើអារប្រភេទប្រណិត(បេង)ចំនួន ៥១កំណាត់ ស្មើរនឹងចំនួន ៨៩០គីឡូក្រាម ចំណែកម្ចាស់ឃ្លាំងខាងលើបានរត់គេចខ្លួន៕