ម៉ាឡេស៊ី៖មនុស្ស៧នាក់ត្រូវបាននគរបាលប្រឆាំងអំពើភេរវកម្មបានឃាត់ខ្លួន ដោយសង្ស័យថា សមាជិកពួករដ្ឋឥស្លាម ដែលក្នុងនោះមានជនជាតិម៉ាឡេស៊ី២នាក់ និងជនជាតិហ្វីលីពីន៥នាក់ គឺមានការរៀបចំរចនាសម្ព័ន្ធចន្លោះពីថ្ងៃទី៨ដល់ថ្ងៃទី១២ មីនានៅរដ្ឋ Sabah និង Selangor។ នេះបើយោងតាមសារព័ត៌មានChannel News Asia។
សមត្ថកិច្ចបានិយាយថា ក្នុងចំណោមជនសង្ស័យទាំងនោះ២នាក់ជាស្ត្រី។ ដំបូងឡើយគឺឃាត់ខ្លួនជនជាតិហ្វីលីពីន២នាក់អាយុចន្លោះពី១៨ទៅ២៧ឆ្នាំ ដែលគេសង្ស័យថា កំពុងប្រមូលមូនិធិនៅក្នុងប្រទេសម៉ាឡេស៊ីសម្រាប់ពួករដ្ឋឥស្លាម។ សមត្ថកិច្ចបញ្ជាក់ថា អ្នកទាំងពីរនេះ ធ្វើសកម្មភាពនៅខាងត្បូងហ្វីលីពីនជាមួយពួករដ្ឋឥស្លាមតាំងពីឆ្នាំ២០១៤។
ចំណែកជនជាតិហ្វីលីពីន២នាក់ផ្សេងទៀត គឺបុរសម្នាក់និង ស្ត្រីម្នាក់ គឺរងការចោទថា ជាប់ពាក់ព័ន្ធនិងសកម្មភាពរបស់រដ្ឋឥស្លាមនៅភាគខាងត្បូងហ្វីលីពីន តាមរយៈរដ្ឋSabah។ ចំណែកជនជាតិហ្វីលីពីនម្នាក់ទៀត ជាអ្នកបើកបរ ត្រៀមធ្វើដំណើរទៅកាន់ប្រទេសស៊ីរីចូលរួមជាមួយពួករដ្ឋឥស្លាម។
ជនជាតិម៉ាឡេស៊ីចុងក្រោយត្រូវបានឃាត់ខ្លួន នៅក្នុងប្រទេសតួកគី ពេលដែលព្យាយាមចូលក្នុងប្រទេសស៊ីរី ដើម្បីចូលរួមជាមួយពួករដ្ឋឥស្លាម ហើយត្រូវបញ្ជូនមកម៉ាឡេស៊ីវិញ៕