កម្មការិនី​ម្នាក់​ត្រូវ​ចោរឆក់​កាបូប ហើយ​ជះ​ទឹក​អាស៊ីត​ដាក់​មុខ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នារី​ស្រស់ស្អាត​ជា​កម្មការិនី​រង​ចក្រ​ម្នាក់​ត្រូវ​ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​ឆក់​កាបូប ហើយ​ជះ​ទឹក​អាស៊ីត​ដាក់​ផ្ទៃមុខ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ថែមទៀត​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​១០​នាទី​យប់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៧ ស្ថិតនៅ​ខាងត្បូង​វិហារ​ចាម ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​នារី​រងគ្រោះ​មានឈ្មោះ ស៊ន ចាន់ទី អាយុ​២៣​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ចេញពី​ធ្វើការ ហើយ​ជិះ​កង់​ទៅ​រៀន​អ៊ុតសក់​ដូច​សព្វដង លុះ​ជិះ​កង់​ដល់​ចំណុចកើតហេតុ​ក៏​ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​បាន​រត់​មក​ឆក់​កាបូបស្ពាយ​របស់​នាង ហើយ​ជះ​ទឹក​អាស៊ីត​លើ​ផ្ទៃមុខ​នាង​ថែមទៀត បណ្តាល​ឲ្យ​នាងរង​របួស​យ៉ាងធ្ងន់ធ្ងរ​។ បន្ទាប់ពី​ឆក់​កាបូប​បានសម្រេច​ហើយ ជនសង្ស័យ​ក៏បាន​រត់​គេចខ្លួនបាត់ ចំណែកឯ​នារី​រងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​រស់​នៅក្បែរនោះ​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់ ដើម្បី​មក​ដឹក​នាង​ទៅ​មន្ទីរពេទ្យ​។
​បច្ចុប្បន្ន​នារី​រងគ្រោះ​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​៕

i3-3-768x576i-3