ម៉ាឡេស៊ី៖ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាម៉េដ ហ្សាហ៊ីដ ហាមីឌី បានថ្លែងថា ម៉ាឡេស៊ីបានរកឃើញអត្តសញ្ញាណសពលោក គីម ជុងណាម ដោយផ្អែកលើសំណាក DNA ដែលយកចេញកូនប្រុសរបស់លោក គីម ជុងណាម។ នេះដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
លោកបញ្ជាក់ថា បុរសកាន់លិខិតឆ្លងដែនឈ្មោះ គីម ចុល ដែលត្រូវគេធ្វើឃាតនៅម៉ាឡេស៊ីនោះពិតជាលោក គីម ជុងណាំ បងប្រុសម្ដាយទីទៃរបស់មេនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រាកដមែនដោយផ្អែកលើ DNA កូនប្រុសរបស់លោក ដែលគេជឿជាក់ថាកំពុងរស់នៅកន្លែងសម្ងាត់មួយក្នុងទីក្រុងម៉ាកាវ ប្រទេសចិន។
ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ahmad Zahid Hamidi ថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតថា បុរសម្នាក់នោះ គឺពិតជាលោក គីម ជុងណាំ… ហើយការបញ្ជាក់នេះធ្វើឡើងដោយផ្អែកលើ DNA កូនប្រុសរបស់លោក»។
ទោះបីយ៉ាងជុំវិញព័ត៌មានថ្មីចុងក្រោយនេះ មិនទាន់មានប្រតិកម្ម ឬការបកស្រាយណាមួយពីកូរ៉េខាងជើងនោះឡើយ ខណៈសង្គ្រាមការទូតរវាងប្រទេសទាំងពីរហាក់មានភាពស្ងប់ស្ងាត់បន្តិចហើយ។ ជាងនេះទៅទៀត គ្មានសាច់ញាតិណាម្នាក់ ចេញមុខទៅទទួលសពនោះឡើយ។
គួរបញ្ជាក់ថា លោក គីម ជុងណាម បងប្រុសម្ដាយទីទៃនឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះ ត្រូវបានគេធ្វើឃាតកាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅពេលស្ត្រីពីរនាក់បានខ្ទប់ថ្នាំគីមីពុល VX ទៅលើមុខរបស់លោក នៅឯព្រលានយន្តអន្តរជាតិទីក្រុងគួឡាឡំពួរ៕