លោក អេង ឆៃអ៊ាង ថា មិនចាំបាច់​ផ្លាស់ប្ដូរ​ពាក្យស្លោក​នយោបាយ​នោះទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ថ្លែងថា ពាក្យស្លោក​នយោបាយ «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» នោះ​គណបក្ស​មិនចាំបាច់​ផ្លាស់ប្តូរ​ទេ ព្រោះ​ពាក្យ​នេះ​មិន​ត្រូវបាន​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​គោលនយោបាយ​របស់​បក្ស​នោះឡើយ ។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ​គ្រាន់តែ​បានអនុម័ត​នូវ​គោលនយោបាយ​អាទិភាព​ចំនួន ៥ ចំណុច​ដើម្បី​ប្រើប្រាស់​នៅក្នុង​យុទ្ធនាការ​នយោបាយ​តែប៉ុណ្ណោះ ហើយ​ពាក្យស្លោក «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» គ្រាន់តែ​បានលើកឡើង​ក្នុង​ផ្ទៃក្នុង​របស់​គណបក្ស​មិនមាន​ក្នុង​គោលនយោបាយ​ផ្លូវការ​នោះទេ​។​
​លោក សុខ ឥសាន អ្នកនាំពាក្យ CPP បាន​ថ្លែងថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​ដូច្នោះ​មានន័យថា មិនមាន​ឆន្ទៈ​ដើម្បី​ដក​ពាក្យស្លោក​នេះ​ចេញ​ទេ ហើយ​អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ​បានលើកឡើង​គឺ​គណបក្ស​ប្រជាជន​មិនទាន់​ជឿ​នៅឡើយ​ទេ​។​
​លោក សុខ ឥសាន បាន​បន្ថែមថា​គណបក្ស​ប្រជាជន​មិនអាច​បង្ខំ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ផ្លាស់ប្តូរ​ពាក្យស្លោក​នេះ​ទេ ប៉ុន្តែ​ដោយ​ផ្អែកលើ​ការពិត​គណបក្ស​ប្រជាជន​នៅតែ​រក្សា​ជំហរ​ក្នុងការ​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​កែតម្រូវ​ពាក្យស្លោក​នេះ៕

3-EngCheyEang