ភ្នំពេញ៖ផ្ទុះចង្ក្រានហ្គាសបណ្តាលអោយក្មេងស្រីអាយុ៧ខែម្នាក់ស្លាប់ម្តាយឪពុករងរបួសធ្ងន់ខណះពេលកំពុងតែដាំបាយម្តាយរវល់ចូលបន្ទប់ទឹកឪពុករវល់លាងម៉ូតូទុកកូនស្រីអោយដេកក្នុងអង្រឹងឆេះខ្លោចពេញខ្លួន។ ហេតុការណ៍នេះកើតឡើងនៅបន្ទប់ជួលលេខ៣ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជនីភ្នំពេញ កាលពីវេលាម៉ោង៨ និង០០នាទី ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុម្តាយឪពុកបានទុកកូនស្រីអាយុ៧ខែដេកក្នុងអង្រឹងហើយ បានដាក់ដាំបាយចោលម្តាយក្មេងស្រីបានចូលបន្ទប់ទឹក ហើយឪពុកក្មេងស្រីរវល់រៀបចំលាងម៉ូតូអោយម៉ូយ ស្រាប់តែមានអណ្តាតភ្លើងផ្ទុះចេញពីកំប៉ុងហ្គាស់បណ្តាលអោយឆាបឆេះយ៉ាងសន្ធោសន្ធៅផ្អើលដល់អ្នកជិតខាងជួយយកទឹកជះបាញ់ទុយោពន្លត់ និងបានបញ្ជូនជនរងគ្រោះទាំងបីនាក់ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមះ។ ចំណែកកូនស្រីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកុមារជាតិ តែជាអកុសលកូនស្រីខាងលើត្រូវបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
សមត្ថកិច្ចបានអោយដឹងថា ក្មេងស្រីដែលស្លាប់ខាងលើមានឈ្មោះ ដុស ឌីនីកា អាយុ៧ខែ ស្នាក់នៅជាមួយឪពុកម្តាយនៅចំណុចកើតហេតុខាងលើ។ ចំណែកឪពុកមានឈ្មោះ ដុស ចាន់ឌី អាយុ២៧ ឆ្នាំស្នាក់នៅចំណុចកើតហេតុខាងលើមុខរបរជួសជុល និងលាងម៉ូតូរងរបួសធ្ងន់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។ រីឯម្តាយមានឈ្មោះ ស៊ុន សុម៉ាលិស អាយុ២៤ឆ្នាំ ស្នាក់បន្ទប់ជួលជាមួយគ្នារងរបួសធ្ងន់កំពុងតែសំរាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។
ចំណែកសាកសពកូនស្រីខាងលើត្រូវបានយកមកតម្កល់ទុកនៅវត្តតាព្រហ្មហៅវត្តស្ទឹងមានជ័យបូជាតាមប្រពៃណី៕