ដោយ៖ប៉ែន សុផល
បាត់ដំបង៖យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា ចាប់តាំងពីដើមខែមករារហូតមកដល់ត្រឹមថ្ងៃទី២១ខែមីនាឆ្នាំ២០១៧នេះអាជ្ញាធរថៃបានបញ្ជូនពលករខ្មែរដែលឆ្លងដែនខុសច្បាប់មកស្រុកកំណើតវិញចំនួន១០០លើកស្មើរនិង៩៩៨៥នាក់(ប្រាំបួនពាន់ប្រាំបួនរយប៉ែតសិបប្រាំនាក់)តាមច្រកទ្វារអន្តរជាតិដូងនៃស្រុកកំរៀង។
លោក ម៉ុយ សាលឹត មេបញ្ជាការកងរាជអាវុធហត្ថស្រុកកំរៀងបានប្រាប់អោយដឹងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះថា៖ ពលករខ្មែរឆ្លងដែនខុសច្បាប់ដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនអោយត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារអន្តរជាតិដូង នៃស្រុកកំរៀងសរុបមានចំនួន១០០លើកក្នុងនោះរួមមាន៖ខែមករា ឆ្នាំ២០១៧មានចំនួន៧លើកស្មើនិង១៦១នាក់ ស្រី៣៦នាក់។ ខែកុម្ភៈ ឆ្នាំ២០១៧មាន ចំនួន៤៧លើកស្មើរនិង២៨៩២នាក់ ស្រី១០៨៤នាក់។ ខែមីនា ឆ្នាំ២០១៧ មានចំនួន៤៥លើកស្មើរនិង៦៩៣២នាក់ ស្រី២៧៧៨នាក់។
លោកបន្ដថា ពលករខ្មែរឆ្លងដែនខុសច្បាប់ទាំង៩៩៨៥នាក់ដែលអាជ្ញាធរថៃបានបញ្ជួនអោយត្រឡប់មកកាន់ស្រុកកំណើតវិញដោយសារតែពួកគាត់ទាំងនោះបានឆ្លងដែនចូលក្នុងទឹកដីថៃដោយខុសច្បាប់ ហើយពួកគាត់ភាគច្រើនជាបុរសដែលបានធ្វើដំណើរពីតាមបណ្តាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមតំបន់បណ្តោយព្រំដែនកម្ពុជា ថៃតែម្តង៕