ភ្លើង​ឆាបឆេះ​ព្រៃ​ក្នុង​ឧទ្យាន​អង្គរ​ប្រមាណ​ជិត​១០​ហិកតា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 February, 2015 ក+ ក-

​សៀមរាប​៖ ភ្លើងព្រៃ​បាន​ឆេះ​សន្ធោសន្ធៅ ​ទៅលើ​តំបន់ទ្រនាប់​នៃ​ឧទ្យាន​អង្គរ ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា បណ្តាល​ឲ្យ​វាលស្មៅ រួមទាំង​ឈើ​ព្រៃតូចៗ​ដែល​កំពុង​ហួតហែង​ដោយសារ​កម្តៅថ្ងៃ នា​រដូវប្រាំង​ប្រមាណ​ជិត​១០​ហិកតា ត្រូវបាន​បំផ្លាញ​។​

ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ឧទ្យាន​អង្គរ​បានកើត​ឡើង​នៅ​ម៉ោងជាង​១០ ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​អា​រ៉ា​ក់​ស្វាយ សង្កាត់​នគរធំ ក្រុង​សៀមរាប​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា នៅក្នុង​ហេតុការណ៍​នោះ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៥​គ្រឿង របស់​អង្គភាព​កងរាជអាវុធហត្ថ​ខេត្ត ស្នងការ​នគរបាល​ខេត្ត និង​អង្គភាព​អាជ្ញាធរ​អប្សរា​។ ប៉ុន្តែ​រថយន្ត​ជាច្រើន​គ្រឿង​ពុំបាន​បាញ់​ទឹក​ពន្លត់​ទេ ដោយសារ​កន្លែងកើតហេតុ​មានព្រៃ​ក្រាស់ៗ រថយន្ត​ពុំ​អាច​ចូល​ទៅបាន​។ ប៉ុន្តែ​ភ្លើង​ត្រូវបាន​រលត់ទៅវិញ​ដោយសារ​កម្លាំង​មនុស្ស​កាច់​មែកឈើ ទៅ​វាយ​ពន្លត់​។​
​សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក បាន​និយាយថា នៅមុន​ពេល​ភ្លើង​ឆេះ រូបគាត់ និង​កូន​បានឮ​សំឡេង​ផ្ទុះ​ប្រាវៗ ដោយ​ស្លឹកឈើ និង​ឃើញ​ដុំ​ផ្សែង​បាញ់​ឡើងលើ ទើបបាន​ដឹងថា ភ្លើង​ឆេះ​ព្រៃ​។ ភ្លាមៗ ក៏​នាំ​កូនចៅ រួមទាំង​ព្រះសង្ឃ​ពីរ​អង្គ​ផង ដងទឹក​ទៅ​ពន្លត់ តែ​មិនបាន​ជោគជ័យ​ទេ ដោយសារ​អំណាច​ភ្លើង​កំពុង​ឆេះ​ពេញទំហឹង​។​

លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប​បាន​ប្រាប់​នៅ​កន្លែងកើតហេតុ​ថា ព្រៃ​ឧទ្យាន​អង្គរ ដែល​រង​ការខូចខាត​ដោយសារ​ភ្លើង​ឆេះ​ទាំងពីរ​កន្លែង​ក្បែរ​គ្នា គឺ​អស់​ប្រហែល​ជិត​១០​ហិកតា​។ ក្នុងការ​ឆាបឆេះ​នោះ​ពុំបាន​បំផ្លាញ​ផលដំណាំ ផ្ទះសំបែង សត្វពាហនៈ ឬ​អាយុជីវិត​ពលរដ្ឋ​ណា​ម្នាក់​ឡើយ​នៅក្នុង​ហេតុការណ៍​នោះ​។​

​លោក​បាន​បញ្ជាក់ថា រហូត​ពេល​ភ្លើង​រលត់ទៅវិញ​អស់ទាំង​ស្រុង​ហើយ យើង​នៅតែ​មិនទាន់​រកឃើញ​ពី​មូលហេតុ​ពិត​នៅឡើយ​ទេ តែ​ការសន្និដ្ឋាន​ក្រៅផ្លូវការ អាចមកពី​ភ្លើង​កន្ទុយបារី​របស់​អ្នកភូមិ​៕fpm
mn61

 

 

 

mn62