ឡុងដ៍៖ការវាយប្រហារនៅជិតវិមានរដ្ឋសភារបស់អង់គ្លេសកាលពីថ្ងៃពុធដែលបានបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និង២៩នាក់ផ្សេងទៀតរងរបួស គ្រាដែលប៉ូលិសចាត់ទុកថា ជាអំពើភេរវកម្មនោះ ពេលនេះប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន៤នាក់ដែលជាប់សង្ស័យពាក់ព័ន្ធករណីខាងលើនេះ។
មន្ត្រីនគរបាលនៅ Metropolitan ថ្លែងថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញសមត្ថកិច្ចបានឆ្មក់ចូលផ្ទះពលរដ្ឋមួយចំនួន ដែលសង្ស័យក្រុមវាយប្រហារបានលាក់ខ្លួននៅដោយបានឃាត់ខ្លួនមនុស្ស៤នាក់ និង កំពុងស្វែងរកអ្នកពាក់ព័ន្ធបន្តទៀត។ នេះបើតាមសារព័ត៌មាន Channel News Asia។
ទោះយ៉ាងណានគរបាលបញ្ជាក់ថា ពួកគេមិនទាន់អាចបង្ហាញអត្តសញ្ញាណ និងព័ត៌មានលម្អិតផ្សេងៗទៀត ពាក់ករណីនេះទេ ព្រោះស្ថិតនៅក្នុងដំណើរការស៊ើបអង្កេត។
គួរបញ្ជាក់ថា ក្រុម ISIS តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ឈ្មោះ Amaq បានអះអាងថា ការវាយប្រហារនៅកណ្ដាលទីក្រុងឡុងដ៏ ជាស្នាដៃរបស់ខ្លួនហើយជន Khalid Masood ជាអ្នកប្រយុទ្ធម្នាក់ក្នុងចំណោមក្រុមអ្នកប្រយុទ្ធ ISIS ដែលទទួលបញ្ជា និងកំពុងដឹកនាំការវាយប្រហារសងសឹក ទៅលើបណ្ដាប្រទេសបានចូលរួមនៅក្នុង ក្រុមចំរុះអន្តរជាតិជាមួយសហរដ្ឋអាមេរិក ប្រយុទ្ធប្រឆាំងនឹងក្រុមរបស់ខ្លួននៅស៊ីរី និងអ៊ីរ៉ាក់៕