លទ្ធផល​ពិនិត្យ​ស្រា​.​ស​ដែល​ពុល​មនុស្ស​៣​នាក់​ស្លាប់​នៅ​ស្រុក​កែវ​សីមា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2017 ក+ ក-

​ដោយ​៖​សុខ ណាត​
​មណ្ឌលគិរី​៖​មន្ត្រី​ជំនាញ​របស់​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​បានបង្ហាញ​លទ្ធផល​អំពី​ការពិនិត្យ​លើ​ស្រា​.​សនា​ថ្ងៃទី​២២ ខែមីនា ដែល​សង្ស័យថា បាន​បង្ក​ឲ្យ​មាន​មនុស្ស​ពុល​រហូត​មាន​មនុស្ស​៣​នាក់​ស្លាប់​នៅ​ខេត្តមណ្ឌលគិរី​ថា មាន​ផ្ទុក​សារធាតុ​មេ​តា​ណុល ក្នុង​ស្រា​.​ស លើស​កម្រិត​កំណត់​។​
​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ​នីហរ័ណ​-​អាហរ័ណ​និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​កាំកុងត្រូល​)​បាន​បញ្ចេញ​លទ្ធផល​វិភាគ​លើ​គំរូ​ស្រា​.​ស ដែល​យក​ពី​កន្លែងកើតហេតុ​, កន្លែង​ចែកចាយ​បន្ត​និង​ផ្ទះ​ជនរងគ្រោះ នោះ​មានដូចជា ស្រាស នៅផ្ទះ​របស់​អ្នក​ផលិត មានកំ​រិត​អាកុល​20.00%​និង​មេ​តា​ណុល​មិន​លើស​0.15% ត្រឹមត្រូវ​តាម​បរិមាណ​កំណត់​។​ប៉ុន្តែ​ចំពោះ​ស្រាស ដែល​យក​មកពី​ផ្ទះ​អ្នកភូមិ​ឈ្មោះ​ឌៀប ដូរ លក់​នោះ​គឺមាន​កំរិត​អាល់កុល​រហូតដល់​25.00%​និង​មេ​តា​ណុល​រហូតដល់​6.90%​លើសពី​កំរិត​កំណត់​ដែល​អាច​បានត្រឹមតែ​0.15%​តែប៉ុណ្ណោះ​។​
​ចំពោះ​ស្រា​ដែល​សល់​ពី​ជនរងគ្រោះ​ផឹក​មានកំ​រិត​ជាតិ​អាលកុល​26.00%​និង​មេ​តា​ណុល​4.10%.​។​ដូច​ច្នេះ​ជនរងគ្រោះ​បាន​ស្លាប់​នោះ​គឺ​ដោយសារតែ​បរិមាណ​មេ​តា​ណុល​ដែល​បាន​រកឃើញ​នៅក្នុង​ផ្ទះ​អ្នកលក់​បន្ត​ឈ្មោះ​ឌៀប ដូរ លើសពី​កម្រិត​អនុញ្ញាតិ​ខាងលើ ជាហេតុ​ធ្វើ​ឲ្យ​ជនរងគ្រោះ​ពុល​និង​បង្ករ​ឲ្យ​ស្លាប់​ពេល​ទទួលទាន​ស្រា​.​ស​នោះ​។​
​សូមបញ្ជាក់ថា មនុស្ស​ចំនួន​០៣​នាក់ ត្រូវបាន​ពុល​ស្រាស​ស្លាប់​ជា​បន្តបន្ទាប់​និង​មនុស្ស​ចំនួន​០៩​នាក់​ផ្សេងទៀត​បញ្ជូនទៅ​សង្គ្រោះ​ទាន់ពេលវេលា ក្រោយ​ទទួលទាន​ស្រាស ក្នុង​កម្មវិធី​បុណ្យសព កាលពី​ថ្ងៃទី​១៥ ,១៦ និង​១៧ ខែមីនា ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​៕

Untitled-1