ចាប់រំលោភ​កូនស្រី​ចិញ្ចឹម​រយៈពេល​ជាង​២​ឆ្នាំ​ទើប​បែកការណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 March, 2017 ក+ ក-

ដោយ៖ប្រុញ វិធិន
​ខេត្តក្រចេះ​៖​បុរស​ម្នាក់​ចាប់បង្ខំ​រំលោភ​សេពសន្ថវៈ​លើ​កូនចិញ្ចឹម​អាយុ​១០​ឆ្នាំ​រាប់​ដង​ក្នុង​មួយខែៗ​តាំងពី​ឆ្នាំ​២០១៥​រហូតមក ត្រូវបាន​សមត្ថកិច្ច​ចាប់​ដាក់​ខ្នោះ​តាម​ពាក្យបណ្តឹង​របស់​ប្រពន្ធ​។ ហេតុការណ៍​ចាប់ខ្លួន​ជនសង្ស័យ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ជើងភ្នំ​អា​យៀ ភូមិ​រល​ច ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ លឿ​ត ឌី អាយុ​៣៩​ឆ្នាំ ប្រពន្ធ​ឈ្មោះ គឹម គង្គា អាយុ​៣៦​ឆ្នាំ ។ ឯ​កុមារី​ជា​កូនចិញ្ចឹម​ឈ្មោះ​.​ឌ​.​ល​.​ក​អាយុ​១២​ឆ្នាំ រស់នៅ​ជាមួយ​ឪពុក​ម្តាយចិញ្ចឹម​ក្នុងភូមិ​រល​ច ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ។ សមត្ថកិច្ច បាន​បន្តថា​មុន​មាន​ហេតុការណ៍​នៅ​អំឡុង​ឆ្នាំ​២០១៥ ជនសង្ស័យ​បាន​សុំ​កុមារី​រងគ្រោះ​អាយុ​ទើបតែ​១០​ឆ្នាំ ពី​អ្នកភូមិ​ម្នាក់​យកមក​ចិញ្ចឹម​ចាត់ទុកជា​កូនបង្កើត​ដោយ​ដាក់ឈ្មោះ​ត្រកូល​របស់ខ្លួន​(​ជនសង្ស័យ​)​ឲ្យ​កុមារី​នោះ​ទៀតផង​។​
​ប្រភព​ដដែល​បាន​បន្តថា ក្រោយ​យកមក​ចិញ្ចឹម​ជនសង្ស័យ​តែងតែ​យក​កុមារី​រងគ្រោះ​ទៅ​ដេកចាំ​ចម្ការ​នៅ​ឆ្ងាយ​ពី​ភូមិ ។ ដោយ​មានឱកាស​ជនសង្ស័យ​ជា​ឪពុកចិញ្ចឹម​បាន​ចាប់​រំលោក​សេពសន្ថវៈ​ជា​រៀងរាល់ខែ​ដោយ​ក្នុង​មួយខែៗ​ពី​៩​ទៅ​១០​ដង​។ ក្នុងនោះ​ជនសង្ស័យ​តែង​បាន​គំរាម​សម្លាប់​បើ​កុមារី​នោះ​ហ៊ាន​ប្រាប់​ទៅ​ម្តាយ​(​ប្រពន្ធ​)​ឬ​ប្រាប់​អ្នកភូមិ​។ លុះដល់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧ ជនសង្ស័យ​ឈ្មោះ លឿ​ត ឌី ជា​ឪពុកចិញ្ចឹម​បាន​ចាប់រំលោភ​កុមារី​រងគ្រោះ​បាន​ម្តង​។ មកដល់​ថ្ងៃទី​២៣ ខែ​ដដែល បាន​ចាប់រំលោភ​ម្តងទៀត​។​
​ប្រភព​បាន​បន្តថា​នៅ​ថ្ងៃទី​២៤ ខែ​ឆ្នាំ​ដដែល កុមារី​រងគ្រោះ​បានមក​ភូមិ​ក៏បាន​យក​រឿងរ៉ាវ​ដែល​ឪពុកចិញ្ចឹម​ប្រព្រឹត្ត​មកលើ​ខ្លួន​ទាំង​ប៉ុន្មាន​ប្រាប់​ម្តាយចិញ្ចឹម​ឲ្យ​ដឹង ។ នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​ឈ្មោះ គឹម គង្គា ជា​ម្ដាយចិញ្ចឹម​បាន​នាំ​កូនស្រី​នោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​។​បន្ទាប់ពី​ទទួល​បណ្តឹង​សមត្ថកិច្ច​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ លឿ​ត ឌី យកមក​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កន្ទួត ។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​រំលោភ​នាង​តាំងពី​ឆ្នាំ​២០១៥​រហូតមក​មែន​។​
​ក្រោយពី​សារភាព​របស់​ជនសង្ស័យ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការខេត្ត​នៅ​ថ្ងៃទី​២៦​ខែមីនា​ម្សិលមិញ​នេះ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕

17506326_1851116138460281_685645674_n17555264_1851116161793612_1355320561_n