ខេត្តកំពង់ស្ពឺ៖ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីប្រមាណជាង ១៥០នាក់ បានពុលនំបញ្ចុក ពេលជនរងគ្រោះទៅចូលរួមបុណ្យបច្ច័យ៤ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិក្រាំងតាសោម ឃុំជម្ពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
យោងតាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ផ្ទះម្ចាស់កម្មវិធីបុណ្យឈ្មោះ ទ្រូ និងឈ្មោះ ខេម ជាប្តីប្រពន្ធនឹងគ្នា មានធ្វើពិធីបុណ្យបច្ច័យ៤ ហើយនៅក្នុងកម្មវិធីបុណ្យនោះ បានធ្វើនំបញ្ចុកទទួលភ្ញៀវ។ សមត្ថកិច្ចដដែល បាន បន្ថែមថា ខណៈដែលភ្ញៀវបានបរិភោគនូវនំបញ្ចុកនោះហើយ បានបណ្ដាលឲ្យមនុស្សក្មេងចាស់ ប្រុសស្រីចំនួន ១៥២នាក់ ហើយចំណោមអ្នកពុលទាំងអស់នោះ មានមនុស្សចំនួន ៥នាក់ បានពុលធ្ងន់ធ្ងរ។
ប្រភពខាងលើបានបញ្ជាក់ថា ក្រោយកើតហេតុ ជនរងគ្រោះទាំងអស់ បានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ហើយរហូតដល់ពេលនេះមិនទាន់មានគ្រោះថ្នាក់ដល់ជីវិតឡើយ។
អាជ្ញាធរជំនាញមិនទាន់អះអាងថា ការពុលនោះបណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ ។ ប៉ុន្តែកំពុងចុះពិនិត្យ និងស្រាវជ្រាវដល់កន្លែងកើតហេតុ៕