ភ្នំពេញះប្រតិភូសហគមន៍ខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលបានដឹកនាំការស្រាវជ្រាវយកឯកសារនៅប្រទេសបារាំង ទាក់ទងនឹងការកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យវៀតណាមបានបញ្ចប់ហើយ។
សេចក្ដីប្រកាសព័ត៌មាន របស់សហគមន៍ខ្មែរកម្ពុជាក្រោម ចុះផ្សាយនៅថ្ងៃទី ១២ ខែកុម្ភៈ ឲ្យដឹងថា ក្នុងដំណើរស្រាវជ្រាវរកឯកសារនៅប្រទេសបារាំងនោះ ជាលទ្ធផលបានស្រាវជ្រាវរកឃើញឯកសារ និងផែនទីសំខាន់ៗមួយចំនួន ទៅតាមផែនការរបស់ខ្លួន ដែលបានគ្រោងទុក។ ក្នុងនោះមានដូចជា ព្រះរាជសាររបស់សម្ដេចព្រះនរោត្ដម សីហនុ ផ្ញើជូនរដ្ឋាភិបាលបារាំង កិច្ចព្រមព្រៀង និងសន្ធិសញ្ញាផ្សេងៗ រវាងបារាំង-វៀតណាម កំណត់ហេតុប្រជុំរដ្ឋសភា បារាំងក្នុងការកាត់ទឹកដីកម្ពុជាក្រោម ឲ្យវៀតណាមនៅឆ្នាំ១៩៤៩ កំណត់ហេតុចរចា ព្រមទាំងលិខិតឆ្លើយឆ្លងសម្ងាត់ជាច្រើន ទាក់ទងនឹងការកាត់ទឹកដីកម្ពុជាក្រោមឲ្យវៀតណាម។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ដែលបានដឹកនាំគណៈប្រតិភូ ស្រាវជ្រាវនេះ។ លោកមានប្រសាសន៍តាមទូរស័ព្ទពីប្រទេសបារាំង កាលពីថ្ងៃទី១៣ កុម្ភៈ ថា ឯកសារប្រវត្តិសាស្ត្រកម្ពុជាក្រោម ដែលក្រុមលោកបានរកឃើញនៅប័ណ្ណសារដ្ឋានជាតិបារាំង ក្នុងខេត្តអេសង់ប្រូវ៉ង់ (Aix-En-Provence) ហើយដែលក្រុមលោកចង់ដឹងចង់ឃើញនោះ មានមិនតិចជាង៤ពាន់ទំព័រឡើយ។
យ៉ាងណាក៏ដោយ លោក ថាច់ សេដ្ឋា បញ្ជាក់ថា ឯកសារទាំងអស់នោះ កំពុងរក្សាទុក ក្នុងប័ណ្ណសារដ្ឋានជាតិបារាំងនៅឡើយ រង់ចាំការប៉ាន់ប្រមាណតម្លៃ ដើម្បីថតចម្លង។ លោកថា តាមការឲ្យដឹងពីអ្នកទទួលខុសត្រូវបណ្ណាល័យ ការថតចម្លងក្នុង១ទំព័រ តម្លៃ ២.៥០អឺរ៉ូ ឬប្រមាណ ២.៨០ ដុល្លារ សម្រាប់គុណភាពធម្មតា ប៉ុន្តែសម្រាប់គុណភាពល្អវិញ តម្លៃជិត១៧អឺរ៉ូ ឬប្រមាណ២០ដុល្លារ ឯណោះក្នុង១ទំព័រ៖ «យើង រកឃើញហើយ ប៉ុន្តែនៅរង់ចាំគេថតចម្លងឲ្យយើង ហើយថតចម្លងនោះគឺថ្លៃណាស់ អញ្ចឹងយើងជួបបញ្ហាលំបាកណាស់ ហើយនៅក្នុងហ្នឹងពេល ដែលយើងទៅស្រាវជ្រាវនោះ គឺគេមិនឲ្យយើងយក សូម្បីតែប៊ិចក៏ចូលមិនបានផង គេឲ្យខ្មៅដៃរបស់គេ ក្រដាសសរបស់គេ ហើយបើយើងថតវិញ គឺមិនច្បាស់ទៀត យើងចង់ឲ្យគេជួយថតចម្លងឲ្យយើង តែបើថត ចម្លងវាថ្លៃ»។
លោក ថាច់ សេដ្ឋា បញ្ជាក់ថា ខាងប័ណ្ណសារដ្ឋានជាតិបារាំង ត្រូវការពេលវេលាមួយសប្ដាហ៍ដើម្បីធ្វើការប៉ាន់ប្រមាណតម្លៃថតចម្លង។ យ៉ាងណាក៏ដោយ លោកថ្លែងហាក់ដោយអស់សង្ឃឹមថា បើការថតចម្លងនោះមានតម្លៃខ្ពស់ពេក ប្រតិភូលោកប្រហែលជាគ្មានប្រាក់ដើម្បីទទួលយកនោះទេ។ ប៉ុន្តែ លោកថា ប្រសិនបើក្នុងដំណើរលើកទី១នេះ ក្រុមលោកមិនមានលទ្ធភាពយកឯកសារ បានទាំងអស់នោះទេ លោកនឹងស្នើទៅរដ្ឋាភិបាលបារាំង ដើម្បីធ្វើដំណើរស្រាវជ្រាវនៅពេលក្រោយៗទៀត។
ដំណើរស្វែងរកឯកសាររបស់សហគមន៍ខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យនៅពេលនេះ គឺជាផ្នែកមួយនៃយុទ្ធនាការរបស់ខ្មែរក្រោម ក្នុងការទាមទារឲ្យរដ្ឋាភិបាលវៀតណាម ទទួលស្គាល់ប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម ដែលមន្ត្រីការទូតវៀតណាមបាននិយាយបំភ្លៃ កាលខែមិថុនា ឆ្នាំ២០១៤។
លោក ថាច់ សេដ្ឋា ធ្លាប់បានបញ្ជាក់ថា យុទ្ធនាការទាមទារឲ្យរដ្ឋាភិបាលវៀតណាមទទួល ស្គាល់ប្រវត្តិសាស្ត្រខ្មែរ នឹងនៅធ្វើបន្តទៀត។ យ៉ាងណាក៏ដោយ លោកអះអាងថា លោកចង់បានឯកសារមកដល់ដៃជាមុនសិន។ លើសពីនេះ លោក ថាច់ សេដ្ឋា មានជំនឿថា ឯកសារទាំងអស់នេះក៏នឹងជួយឲ្យកូនខ្មែរជំនាន់ក្រោយ បានសិក្សារៀនសូត្រកាន់តែច្បាស់ថែមទៀត អំពីប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម។
លោក ថាច់ សេដ្ឋា ក៏ឲ្យដឹងដែរថា លោកនឹងយកឯកសារទាំងនេះ ទៅតម្កល់នៅក្រសួងអប់រំ ឬរាជបណ្ឌិតសភាកម្ពុជា និងស្នើឲ្យរដ្ឋាភិបាលបញ្ចូលវាទៅក្នុងកម្មវិធីសិក្សាជាតិ៕rfa
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា (លើកដៃ) ដឹកនាំក្បួនបាតុកម្មទាមទារឲ្យស្ថានទូតវៀតណាម សុំទោសរឿងបំភ្លៃប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤។