ដោយ៖ដារ៉ា
កំពង់ចាម៖នៅវេលាម៉ោង២២ និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ ជិះម៉ូតូទៅបុករថយន្ត ពីក្រោយ ដែលធ្វើដំណើរស្របគ្នា ពេញទំហឹង នៅលើស្ពានគីហ្សូណា ខេត្តកំពង់ចាម ។
លោកវរសេនីយ៍ត្រី សាម យូសេង អធិការរងនគរបាលក្រុងកំពង់ចាម បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូ ម៉ាកSMX ពណ៌ក្រហម គ្មានស្លាកលេខ យ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត ស្រាប់តែដល់ពាក់កណ្តាលស្ពាន ក៍បុករថយន្តពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ជនរងគ្រោះឈ្មោះ ចក់ និត ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិថ្នល់លាភ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកឯរថយន្ត ធន់ធំមិនដឹងម៉ាក់អ្វីទេ បានបើកគេចបាត់ដោយសុវត្ថិភាព មិនរំខានដល់នគរបាលឡើយ។
សាសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចហៅរថយន្តមន្ទីរពេទ្យ ដឹកទៅតំកល់ក្នុងសាលរង់ចាំអាណាព្យាបាលមកទទួលយកទៅបុណ្យតាមប្រពៃណី៕