រាជធានីភ្នំពេញ៖បុរសម្នាក់ដែលបើករថយន្តកាមរីបុករះម៉ូតូ និងមនុស្សលើផ្លូវព្រះមុន្នីវង្ស បណ្តាលឲ្យស្លាប់៣នាក់ និងរងរបួសច្រើននាក់ កាលពីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នោះ ពេលនេះជនបង្កកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យរុស្ស៊ី (មិត្តភាពខ្មែរ-សូវៀត) នៅឡើយ ដោយមានកម្លាំងសមត្ថកិច្ចការពារ ដើម្បីរក្សាសុវត្ថិភាពតឹងរឹង។
សូមជម្រាបថា ជនបង្កដែលរងរបួសធ្ងន់ធ្ងរនេះ ដោយសារតែកំហឹងខ្លាំងពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នាវាយអ្នកបើករថយន្តស្ទើរស្លាប់ស្ទើររស់និងនាំគ្នាទៅវាយរថយន្តបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង ។ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចបានព្យាយាមជួយយកអ្នកបើករថយន្ត ចេញពីកន្លែងកើតហេតុ និងជួយអន្តរាគមន៍ ខណៈនោះមានការផ្ទុះតវ៉ាយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ កម្លាំងនគរបាលក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅជួយបាញ់ទឹក ខ្លាចក្រែងផ្ទុះឆេះនៅពេលប្រជាពលរដ្ឋវាយកម្ទេចនោះ។
ប្រភពឱ្យដឹងថា បុរសបង្កខាងលើមានឈ្មោះមាស សុខហេង អាយុ៣០ឆ្នាំ ជាអ្នកលក់ទូរសព្ទ័ដៃ ស្នាក់នៅផ្ទះលេខ១១១ ផ្លូវជាតិលេខ២ ក្នុងភូមិទួលរកា សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ។
គួររំលឹកថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តមួយគ្រឿងបើកបុករះម៉ូតូ នៅតាមបណ្ដោយមហាវិថីព្រះមុនី្នវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (ចន្លោះចំណុចច្រមុះជ្រូកក្បាលថ្នល់នោះ មកវិទ្យាល័យបឹងត្របែក ខាងមុខអតីតរោងចក្រ គង់ហុងកាត់ដេរ) ដែលបានបណ្តាលឲ្យឱ្យស្លាប់មនុស្ស៣នាក់ (ស្រី២នាក់ ប្រុសម្នាក់) និងរបួសប្រមាណ១០នាក់ ព្រមទាំងខូចខាតម៉ូតូជិត១០គ្រឿង។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលនៅវេលាប្រហែលម៉ោង០៦ និង៣០នាទីយប់ថ្ងៃទី២៧ មីនា បង្កដោយរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខភ្នំពេញ 2M-2245។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីជនបង្កបានបើករថយន្ត ពីជើងទៅត្បូង ស្រាប់តែដល់ចំណុចកើតហេតុ ពោលនៅមុខអតីតរោងចក្រ គង់ហុង កាត់ដេរ ស្រាប់តែជ្រុលទៅបុកជនរងគ្រោះ ប្រុសស្រី៣នាក់ កំពុងបើកម៉ូតូឆ្លងផ្លូវ ហើយក៏ជ្រុលទៅបញ្ច្រាសផ្លូវ បើកបុករះម៉ូតូរបស់ប្រជាពលរដ្ឋផ្សេងទៀត ដែលកំពុងធ្វើដំណើរមកពីមុខបណ្តាលឲ្យស្លាប់ និងរបួសជាច្រើននាក់គួរឲ្យរន្ធត់ ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យស្ត្រី២នាក់ និងបុរសម្នាក់ទៀត បានស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ខណៈអ្នករងគ្រោះរបួសជិត១០នាក់ ព្រមទាំងខូចខាតម៉ូតូជិត១០គ្រឿងផងដែរ។
ស្ត្រីរងគ្រោះទាំង២នាក់ ដែលបានស្លាប់នោះ គឺជាបងប្អូនភ្លោះ ហើយត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករបួស ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។ សម្រាប់រថយន្តបង្កដែលខូចខាតស្ទើរទាំងស្រុងនោះ និងម៉ូតូរបស់ជនរងគ្រោះផ្សេងទៀត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីចាត់ការបន្តទៀតតាមផ្លូវច្បាប់។
យ៉ាងណាក៏ដោយ ស្ថានភាពរញ៉េរញ៉ៃ ដែលប្រជាពលរដ្ឋផ្ទុះកំហឹងយ៉ាងខ្លាំងនោះ បានស្ងប់ស្ងាត់ទៅវិញ នៅប៉ុន្មានម៉ោងក្រោយ ហើយភ្នាក់ងារយើងបានស្រាវជ្រាវរកអត្តសញ្ញាណរបស់ជនបង្កបានច្បាស់ហើយ គឺមានឈ្មោះ មាស សុខហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ទូរស័ព្ទដៃ ស្នាក់នៅផ្ទះលេខ១១១ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ។ បច្ចុប្បន្ន ជនបង្ករូបនេះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ៕