អ៊ីរ៉ាក់៖ក្រុមចម្រុះដឹកនាំដោយអាមេរិកប្រឆាំងនឹងពួកជីហាដបានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនប្រហែលជាមានចំណែកនៅក្នុងការស្លាប់ និងរបួសជនស៊ីវិលនៅភាគខាងលិចទីក្រុង Mosul ខណៈដែលអង្គការសហប្រជាជាតិនិងអង្គការលើកលែងទោសអន្តរជាតិបានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងដើម្បីការពារជនស៊ីវិល។
ជនស៊ីវិលរាប់សែននាក់នៅតែជាប់នៅខាងក្នុងភាគខាងលិចទីក្រុង Mosul ដោយសារតែការប្រយុទ្ធគ្នារវាងក្រុមរដ្ឋឥស្លាមនិងកងកម្លាំងអ៊ីរ៉ាក់ដែលគាំទ្រដោយការវាយប្រហាររបស់ក្រុមចម្រុះនៅក្នុងសមរភូមិដើម្បីដណ្តើមយកតំបន់នេះពីក្រុមជីហាដមកវិញ។
សម្រាប់ភាគខាងលិចទីក្រុង Mosul ដំណាក់កាលនៃការប្រយុទ្ធគ្នានេះបានបង្កជាគ្រោះថ្នាក់ដល់ជនស៊ីវិលខ្លាំងជាងនៅកន្លែងណាទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ាក់។
លោកឧត្តមសេនីយ៍ឯក Stephen Townsend មេបញ្ជាការនៃប្រតិបត្ដិការដឹកនាំដោយអាមេរិកប្រឆាំងក្រុម IS បានប្រាប់អ្នកកាសែតតាមទូរស័ព្ទពីទីក្រុងបាដាដថា “យើងប្រហែលជាមានចំណែកនៅក្នុងការស្លាប់និងរបួសអ្នកទាំងនោះ”។ លោកបានលើកឡើងបែបនេះដោយសំដៅទៅជនស៊ីវិលស្លាប់និងរបួសដោយការទម្លាក់គ្រាប់នៅភាគខាងលិចទីក្រុង Mosul ។
លោកបានបន្តទៀតថា “ប្រសិនបើអ្នកគ្មានទោសទាំងនោះត្រូវបានសម្លាប់មែននោះ វាគឺជាឧបទ្ទវហេតុដោយអចេតនានៃសង្គ្រាម”។
កាលពីមុន ក្រុមចម្រុះបាននិយាយថា ខ្លួនបានបើកការវាយប្រហារមួយនៅថ្ងៃទី១៧ខែមីនានៅក្នុងតំបន់មួយនៃភាគខាងលិចទីក្រុង Mosul ដែលនៅទីនោះមានសេចក្តីរាយការណ៍អំពីការស្លាប់និងរបួសជនស៊ីវិលនិងថា ខ្លួនបានបើកការស៊ើបអង្កេតមួយរួចទៅហើយ។
ស្របពេលជាមួយគ្នានោះ ប្រទេសអ៊ីរ៉ាក់ក៏កំពុងធ្វើការស៊ើបអង្កេតផងដែរលើការស្លាប់ជនស៊ីវិលនៅភាគខាងលិចទីក្រុង Mosul ប៉ុន្តែបានព្យាយាមដាក់ការស្តីបន្ទោសលើក្រុម IS ។
អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សលោកស្រី Ravina Shamdasani បានឲ្យដឹងកាលពីថ្ងៃអង្គារថា ជនស៊ីវិលជាង៣០០នាក់ត្រូវបានសម្លាប់នៅភាគខាងលិចទីក្រុង Mosul ចាប់តាំងពីថ្ងៃទី១៧ខែកុម្ភៈមក។
គួរបញ្ជាក់ថា ក្រុម IS បានកំណត់គោលដៅលើជនស៊ីវិលនិងបានប្រើប្រាស់ពួកគេធ្វើជាខែលមនុស្សខណៈដែលការវាយប្រហារដោយកងកម្លាំងប្រឆាំង IS ក៏បានបណ្តាលឲ្យជនស៊ីវិលស្លាប់ផងដែរ៕