ដោយ៖ប៉ែន សុផល
បាត់ដំបង៖មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងរួមនិងសមត្ថកិច្ចចំរុះបានចុះត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពនិងលក្ខណៈបច្ចេកទេសយានយន្តគ្រប់ប្រភេទនៅតាមយានដ្ឋាន និងតាមចំណត រថយន្តតូចធំក្នុងក្រុងបាត់ដំបង។
លោក ហេង ប៊ុនលី ប្រធាន ការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងបានឲ្យដឹងថា រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៩-៣១ខែមីនាឆ្នាំ២០១៧នេះលោកបានដឹកនាំកម្លាំងរួមមាន៖កម្លាំងនគរបាលចរាចរណ៍ខេត្តនិងកម្លាំងកងរាជអាវុធហត្ថខេត្តបានចុះយុទ្ធនាការជាលើកទី៣ក្នុងការត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេស ក៍ដូចជាពិនិត្យទៅលើ ប្រព័ន្ធសុវត្ថិភាពយានយន្តគ្រប់ប្រភេទនៅតាមយានដ្ឋាននិងតាមចំណតរថយន្តតូចធំជាច្រើនគោលដៅផងដែរ។
លោកបន្តថា ការចុះអនុវត្តច្បាប់រយះពេលពីរថ្ងៃមកនេះផងដែរមន្ត្រីជំនាញបានចុះទៅលើគោលដៅចំនួន៧កន្លែងនៅតាមយានដ្ឋាន និងចំណតរថយន្តទាំងតូចទាំងធំដោយពិនិត្យលើយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនិងប្រព័ន្ធសុវត្ថិភាពយានយន្តពិសេសទៀតនោះមន្ត្រីជំនាញក៍បាននែរនាំទៅដល់ម្ចាស់រថយន្តតាក់ស៊ីក៍ដូចជារថយន្តក្រុមហ៊ុនដឹកអ្នកដំណើរគ្រប់ប្រភេទអោយដាក់ប្រព័ន្ធសុវត្ថិភាព(បំពង់ពន្លត់អគ្គីភ័យ)នៅតាមរថយន្តសំរាប់ការពារពេលមានទុស្សេខ្សែភ្លើងកើតឡើងយើងអាចបាញ់ពន្លត់ទាន់ពេលវេលា។
លោកបន្តទៀតថា ក្នុងការចុះអនុវតរយៈពេល២ថ្ងៃមកនេះមន្ត្រីជំនាញបានត្រួតពិនិត្យទៅលើរថយន្តចំនួន៥៥គ្រឿងក្នុងនោះរថយន្តធុនធំចំនួន៣៥គ្រឿងក្នុងចំណោមរថយន្តទាំង៥៥គ្រឿងមន្ត្រីជំនាញបានរកឃើញ រថយន្តគ្មានប័ណ្ណបើកបរចំនួន១គ្រឿង។ ប្រើប្រាស់ប័ណ្ណថតចំលងចំនួន៥គ្រឿង។ កាត់ចង្អើររថយន្តធុនតូចចំនួន៣គ្រឿង។ កាត់ទ្រុងលើសកម្ពស់ចំនួន២គ្រឿង។ កាត់កន្ទុយក្រោយរថយន្តតូចចំនួន៣គ្រឿង។ ពិន័យរថយន្តសំបកកង់ប្រេះចំនួន១គ្រឿង។ ពិន័យរថយន្តផុតសុពលភាពឈៀកចំនួន១គ្រឿង៕
ពិនិត្យប្រព័ន្ធសុវត្ថិភាព និងលក្ខណៈបច្ចេកទេសយានយន្តក្នុងខេត្តបាត់ដំបង