សេអ៊ូល៖ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ចេញផ្សាយមុននេះបន្តិចថា អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់មន្ទីរឃុំឃាំងក្នុងទីក្រុងសេអ៊ូល បន្ទាប់ពីចំណាយពេលអស់ជាង៩ម៉ោងកាលពីថ្ងៃព្រហស្បតិ៍ក្នុងសវនាការ។
លោកស្រីត្រូវបានតុលាការបង្គាប់ឱ្យចាប់ខ្លួននៅថ្ងៃសុក្រនេះពាក់ព័ន្ធសំណុំរឿងពុករលួយនយោបាយជាមួយលោកស្រី ឆយ ស៊ូនស៊ីល ដែលធ្វើឱ្យលោកស្រីត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែង កាលពីថ្ងៃទី១០ ខែមីនា បើទោះជាលោកស្រីធ្លាប់បានបដិសេធការចោទប្រកាន់នានាជាច្រើនដងក៏ដោយ។
លោកស្រី ផាក គឺនហេ បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងទី០៣ បន្ទាប់ពីលោក Roh Tae-woo និងលោក Chun Doo-hwan ដែលត្រូវបានតុលាការឃាត់ខ្លួនក្នុងសំណុំរឿងបទឧក្រិដ្ឋ ដែលអាចនឹងប្រឈមមុខជាប់ពន្ធនាគារយ៉ាងតិច ១០ឆ្នាំ ឬច្រើនជាងនេះ បើសិនតុលាការរកឃើញថា លោកស្រីបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់មែននោះ៕