ភ្នំពេញ៖ លោកឧកញ៉ា ថោង សារ៉ាត់ ដែលត្រូវបានតុលាការចោទប្រកាន់ ជាមេឃាតករ នៃការសម្លាប់ លោកឧកញ៉ា អ៉ឹង ម៉េងជឺ បានបញ្ចេញវីដេអូឃ្លីបទី៣ របស់ខ្លួន នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ដោយបញ្ជាក់ជាថ្មីថា លោកមិនមែនជាមេខ្លោងបាញ់សម្លាប់លោកឧកញ៉ា អឹុង ម៉េងជឺ នោះទេ។
នៅក្នុងវីដេអូឃ្លីបរបស់ ថោង សារ៉ាត់ ដែលកំពុងរត់គេចខ្លួន មានរយៈពេល ៥ និង៤៤នាទី នោះ ហើយដែល ត្រូវគេបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនង Facebook តៗគ្នា ជនជាប់ចោទ នៅក្នុងអំពើឃាតកម្មដ៏កក្រើករូបនេះ នៅតែរំពឹងថា យុត្តិធម៌នឹងកើតមានឡើងសម្រាប់លោកនិងគ្រួសារ របស់លោក ។
សូមបញ្ជាក់ថាការបញ្ចេញវីដេអូឃ្លីបទី៣របស់ជនជាប់ចោទរូបនេះបានធ្វើឡើងក្រោយពី ឪពុកម្តាយ របស់ខ្លួន ត្រូវបានចាប់ខ្លួននិងសម្រេចដាក់ពន្ធនាគារសាជាថ្មី។
គួររំលឹកថា ឧកញ៉ា អ៉ឹង ម៉េងជឺ ត្រូវបានគេបាញ់សម្លាប់ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ ហើយឧកញ៉ា ថោង សារ៉ាត់ ថៅក្រុមហ៊ុន និងផ្ទះល្វែង៩៩៩ ត្រូវបានតុលាការចោទប្រកាន់ ជាមេ ឃាតករ នៅពីក្រោយនៃ អំពើឃាតកម្មមួយនេះ។
ក្រោយការចោទប្រកាន់ និងចាប់ខ្លួនអង្គរក្ស ទាំង៤នាក់ ព្រមទាំងឪពុកម្តាយ របស់ខ្លួន រហូតមកដល់ ពេលនេះ ឧកញ៉ា ថោង សារ៉ាត់ បានរត់គេចខ្លួនរហូត មិនដឹងទៅលាក់ខ្លួនទីណានោះទេ ខណៈ សេចក្តី រាយការណ៍ខ្លះ អះអាងថា ទំនងលាក់ខ្លួននៅប្រទេសវៀតណាម៕