ដោយ៖ប៉ែន សុផល
បាត់ដំបង៖កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដោយមានការសម្របសម្រួលដោយលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនិងលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការខេត្តផងនោះ បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរថ្នាំញៀនពីរករណីផ្សេងគ្នាដោយឃាត់ខ្លួនជនសង្ស័យ៥នាក់រួមនិងថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន៥៨ថង់ធំស្មើ១១៥៨៦គ្រាប់និងប្រភេទម៉ាទឹកកកចំនួន១០ថង់ធំទម្ងន់៩៧៦,៧០ក្រាម។
លោក កុយ ហៀង ស្នងការ រងទទួលផែនប្រឆាំងបទល្មើសបានប្រាប់អោយដឹងថា៖ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូថ្នាំញៀនខាងលើនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នៅចំណុចភូមិព្រះពុទ្ធ ឃុំបឹងរាំង និងចំណុចភូមិ ស្រឡៅទង ឃុំកំរៀង ក្នុងស្រុកកំរៀង ដោយក្នុងបទ ល្មើសជាក់ស្តែងសមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់រួមមាន៖ទី១ឈ្មោះ ញែម សារឿន ភេទប្រុសអាយុ៣៨ឆ្នាំជាមន្ត្រីយោធាការពារព្រំដែន៥០៤ ជាម្ចាស់ថ្នាំរស់នៅភូមិអូរដា ឃុំអូរដា ស្រុកកំរៀង។ ទី២ឈ្មោះ.ឡុង ចន្ធូ ហៅចយ ភេទប្រុសអាយុ៣៧ឆ្នាំជាបក្សពួករស់នៅភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង។ ទី៣ឈ្មោះ.ម៉ីល សុគង់ ភេទប្រុសអាយុ៣២ឆ្នាំជាបក្សពួករស់នៅភូមិសំរោង ឃុំអូរដា ស្រុកកំរៀង។ ចំណែកវត្ថុតាងដកហូតបានរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន១០ថង់ធំទម្ងន់៩៧៦,៧០ក្រាម។ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(យ៉ាម៉ាwy)ចំនួន៥៨ថង់ស្មើនិងជាង១១៥៨៦គ្រាប់មានទម្ងន់១០៨១,៦០ក្រាម។ រថយន្តចំនួន២គ្រឿង និងទូរស័ព្ទដៃចំនួន៤គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងសមត្ថកិច្ចកំពុងសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕