ដោយ៖បក្សីចាំក្រុង
ភ្នំពេញ៖សាលារាជធានីភ្នំពេញបានបើកស្ពានអាកាសថ្មើរជើង២កន្លែង អោយប្រើប្រាស់ជាបណ្តោះអសន្នដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
រយៈពេលកន្លងមកនេះប្រជាពលរដ្ឋរួមទាំងសិស្សានុសិស្ស បានបង្ហាញអារម្មណ៍ខកបំណង ដោយសារតែពួកគាត់នៅតែ ដើរឆ្លងកាត់ផ្លូវដដែល ដើម្បីឆ្លងទៅកាន់ស្ពានអាកាសថ្មើរ ទើបអាចឡើងឆ្លងកាត់ស្ពាននេះបាន។
ទោះយ៉ាងណា រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា “ដោយមានបញ្ហាចម្ងល់ក្នុងបណ្តាញ Facebook ស្តីពីករណីស្ពានអាកាសថ្មើរជើងនៅផ្លូវជាតិលេខ ៤ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សូមថ្លែងអំណរគុណនូវមតិយោបល់ និងសូមធ្វើការបំភ្លឺជូនសាធារណជន ដូចខាងក្រោម៖ ១-ការសិក្សាគម្រោងឈរលើហេតុផលបច្ចេកទេស និងផលប៉ះពាល់ជាចម្បង គឺជាការសិក្សាដោះស្រាយបញ្ហាចរាចរដោយរៀបចំជាហេដ្ឋារចនាសម្ព័ន្ឋក្នុងតំបន់ រួមមានបញ្ហាលំហូរចរាចរ បញ្ហាចំណតរថយន្ត បញ្ហាសុវត្ថិភាព បញ្ហាថ្មើរជើង បញ្ហាបណ្តាញប្រឡាយបង្ហូរ និងរៀបចំសណ្តាប់ធ្នាប់អោយបានល្អ។ ២-បញ្ហាផលប៉ះពាល់ផ្សេងៗ ដូចជាបណ្តាញអគ្គិសនី បណ្តាញទឹក បណ្តាញប្រៃសណីយ៍…និងផលប៉ះពាល់ប្រជាពលរដ្ឋ ជារឿងសំខាន់ ។ ករណីនេះ បើជណ្តើរស្ពានថ្មើរជើងចុះ ឬឡើងចំពីមុខផ្ទះកៀកមាត់ទ្វារ ម្ចាស់ផ្ទះនឹងជំទាស់ដាច់ខាតដោយសារជណ្តើរបិទមុខផ្ទះប្រជាពលរដ្ឋ។ ៣-ផ្លូវក្រៅសងខាង សម្រាប់តែយានយន្តចេញនិងចូលផ្ទះប្រជាពលរដ្ឋសងខាងផ្លូវប៉ុណ្ណោះជាផ្លូវចរាចរមិនច្រើនទេ ហើយបើធ្វើដំណើរផ្លូវឆ្ងាយ យានយន្តត្រូវបត់ទៅគន្លងផ្លូវកណ្តាលចំនួន ៦ខ្សែ ដែលជាផ្លូវល្បឿនលឿន គ្មានឧបសគ្គ។ ៤-ជួររត់ត្រង់នឹងគន្លងជណ្តើរស្របផ្លូវនេះ យើងបង្កើតបានចំណតរថយន្តជាច្រើនរួមទាំងរៀបចំសួនច្បារផងដែរ។ ទីតាំងនេះ បើដោះស្រាយបញ្ហាចំណតមិនបាន ការកកស្ទះចរាចរច្បាស់ជាកើតមានដដែល។ ៥-ការរៀបចំប្រឡាយបង្ហូរទឹកនិងបណ្តាញលូ។ ដោយសារទីតាំងនេះ ជាតំបន់រងនូវទឹកជំនន់លិច យើងបានសិក្សាទីតាំងគ្រឹះស្ពាន មិនអោយប៉ះពាល់ដល់បណ្តាញផ្លូវទឹក និងបណ្តាញបំពង់ក្រោមដីទឹកស្អាតផងដែរ”
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ស្ពានអាកាសថ្មើរជើងទាំង២កន្លែងស្ថិតនៅតំបន់ជម្ពូវន្ត័ សម្រេចបាន៩០% ដោយគ្រោងនឹងបញ្ចប់នៅពេលឆាប់ៗឬយ៉ាងយូរបំផុតឲ្យរួចរាល់មុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ៕