ប៉ាគីស្ថាន៖គ្រូពេទ្យម្នាក់ប្រចាំនៅមន្ទីរពេទ្យក្នុងតំបន់បានឲ្យដឹងថា សពមនុស្ស២២នាក់ត្រូវបានគេបញ្ជូនទៅដល់មន្ទីរពេទ្យ និងមានអ្នករបួស៥៧នាក់ ក្នុងនោះមានទាំងស្ត្រី និងក្មេងៗផងដែរ បន្ទាប់ពីរថយន្តផ្ទុកគ្រាប់បែកមួយគ្រឿង បានផ្ទុះឡើងកម្ទេចផ្សារមួយកន្លែង នៅតំបន់កុលសម្ព័ន្ធនិកាយស៊ីអ៊ីត។ នេះបើយោងតាមទីភ្នាក់ងារ AFP។
ការវាយប្រហារនេះបានកើតឡើងក្រោយពីរលកអំពើហិង្សាបង្កឡើងដោយពួកឧទ្ទាមបានសម្លាប់មនុស្ស១៣០នាក់នៅទូទាំងប្រទេសប៉ាគីស្ថាន កាលពីខែកុម្ភៈកន្លងមក ដែលបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ។
ជុំវិញករណីនេះនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ណាវ៉ាស ហ្សារីហ្វ បានប្រកាសថ្កោលទោសចំពោះការវាយប្រហារនេះ ដោយលោកជំរុញឲ្យកម្ទេចចោលទាំងស្រុងនូវក្រុមភេរវកម្មនៅក្នុងប្រទេសប៉ាគីស្ថាន។
គួរបញ្ជាក់ថា ពួកឧទ្ទាមតាលីបង់បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះផងដែរ៕