ដោយ៖ប៉ែនសុផល
បាត់ដំបង៖យោងតាមរបាយការណ៍ស្តីពីលទ្ធផលអនុវត្តន៍ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំខែមីនាចាប់ពីថ្ងៃទី១រហូតដល់ថ្ងៃទី៣១ខែមីនា ឆ្នាំ២០១៧សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានចុះប្រតិបតិ្តការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៨០ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន១៣១នាក់ចាប់យកគ្រឿងញៀនICE ចំនួន៩៩៧,៦៨ក្រាមនិងwyចំនួន១១៧៥៥គ្រាប់ស្មើរ១០៩៧,៧១ក្រាម។
លោក ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានប្រាប់អោយដឹងនៅថ្ងៃទី២ មេសា នេះថា៖នៅក្នុងយុទ្ធនាការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនទាំង៨០ករណីក្នុងនោះករណីជួញដូរចំនួន២០ករណីឃាត់ខ្លួនជនសង្ស័យ២៩នាក់ក្នុងនោះស្រី៥នាក់។ លោកបញ្ជាក់ថា ករណីប្រើប្រាស់៦០ករណីឃាត់ខ្លួន១០២នាក់ក្នុងនោះស្រី១នាក់ បញ្ជូនទៅមណ្ឌលស្តារនីតិសម្បទា ១៨ករណីមានចំនួន១៨នាក់ អប់រំត្រឡប់ទៅសហគមន៍វិញ៤២ករណីមនុស្សចំនួន៨៤នាក់។
ដោយឡែកវត្ថុតាងដកហូតបានរួមមាន ថ្នាំញៀនICE ចំនួន៩៩៧,៦៨ក្រាម ថ្នាំញៀនwyចំនួន១១៧៥៥គ្រាប់ស្មើរ១០៩៧,៧១ក្រាម ដើមកញ្ឆាចំនួន១៦០ដើម -កញ្ឆាក្រៀមចំនួន៣គីឡូក្រាម ដើមកញ្ឆាស្រស់ចំនួន១គីឡូក្រាម រថយន្តចំនួន២គ្រឿង ម៉ូតូចំនួន៣គ្រឿង និងទូរស័ព្ទដៃចំនួន២១គ្រឿង៕