ខេត្តកំពង់ចាម៖ពិតជាគួរឲ្យសង្វេគណាស់ ខណៈដែលក្មេងស្រីពីរនាក់បងប្អូនបានចុះទៅបេះផ្កាឈូកនៅបឹងសូគេនបណ្តាលឲ្យលង់ទឹកស្លាប់ទាំង២នាក់តែម្តង ដែលករណីនេះកើតឡើងនៅចន្លោះម៉ោង១០ដល់ម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ក្នុងភូមិសូគេន ឃុំសូរគង ស្រុកកងមាស។ ហេតុការណ៍នេះកើតឡើង ហើយត្រូវ បានប្រជាពលរដ្ឋនាំគ្នាចុះរាវរកប្រហែល១ម៉ោងទើបឃើញសពនោះ ។
អធិការនគរបាលស្រុកកងមាស លោកវរសេនីយ៍ទោ ជា ជួន ប្រាប់ឲ្យដឹងថា ក្មេងស្រីពីរនាក់បងប្អូនដែលលង់ទឹកបឹងស្លាប់នោះមាន ១-ឈ្មោះ ឆុន សុខលាភ អាយុ១៦ឆ្នាំ និង២-ឈ្មោះ ឆុន មួយទាង អាយុ៧ឆ្នាំ ទាំងពីរនាក់បងប្អូនរស់នៅភូមិ-ឃុំកើតហេតុខាងលើ ដោយបានបបួលគ្នាទៅបេះផ្កាឈូកលេង តែចៃដន្យគ្រោះអកុសលបានលង់ស្លាប់ទាំងពីរនាក់តែម្តង។
លោកវរសេនីយ៍ទោ ជា ជួន អធិការនគរបាលស្រុកកងមាស ប្រាប់បន្តថា ក្នុងពេលដែលចុះទៅបេះផ្កាឈូកដំបូង ប្អូនស្រីបានរអិលជើងលង់ទឹកត្រង់រណ្តៅជ្រៅប្រហែលជា៣ម៉ែត្រ ខណៈពេលនោះបងស្រីឃើញក៏ស្ទុះរត់ទៅជួយ បណ្តាលឲ្យលង់ទាំងពីរនាកតែម្តង។ ស្របពេលដែលប្រជាពលរដ្ឋនៅក្បែរនោះឃើញ ក៏នាំគ្នារត់មកជួយ តែដោយសាររណ្តៅត្រង់កន្លែងលង់នោះជ្រៅផង និងរាងធំទៀត បានប្រើពេលប្រហែលជិត១ម៉ោង ទើបឃើញសពក្មេងស្រីទាំងពីរនាក់បងប្អូនឃើញ។
សាកសពត្រូវបានប្រគល់ឲ្យក្រុមសាច់ញាតិរៀបចំធ្វើបុណ្យតាម ប្រពៃណី៕