អាជ្ញាធរ​ថៃ​ចោទ​ពលករ​ខ្មែរ​​ធ្វើ​ល្បិច​ឲ្យ​អាជ្ញាធរ​ចាប់​ដើម្បី​បានមក​ស្រុក​មិន​អស់ថ្លៃ​ធ្វើដំណើរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សារព័ត៌មាន​ថៃ​បាន​ចុះផ្សាយ​ព័ត៌មាន​ផ្សាយ​ថា ពលករ​ខ្មែរ​ខុសច្បាប់​រាប់រយ​នាក់ មាន​ចេតនា​ចេញ​មុខជា​សាធារណៈ​ឲ្យ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន ដើម្បី​ឲ្យ​ពួកគេ​បានមក​លេង​ស្រុកកំណើត​វិញ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​នៅពេល​ខាងមុខនេះ ដោយ​មិន​អស់​លុយ​លើ​ការធ្វើដំណើរ​។​
​សារព័ត៌មាន The Nation របស់​ថៃ​ចុះផ្សាយ​ថា យ៉ាងតិច​ពលករ​ខ្មែរ​ខុសច្បាប់​ជាង​២០០​នាក់ បានធ្វើ​ដំណើរ​ជា​សាធារណៈ​តាម​រថភ្លើង​ពី​បាងកក​មក​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ប៉ោយប៉ែត ។ ប៉ុន្តែ​អ្នក​ទាំងនោះ​ត្រូវបាន​រៀបចំ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន ព្រោះថា ពេល​អាជ្ញាធរ​ចាប់ខ្លួន​ពួកគេ​នឹង​បានធ្វើ​ដំណើរ​ដល់​ព្រំដែន​ដោយ​មិន​អស់​លុយ ដោយ​រថយន្ត​សមត្ថកិច្ច​ជា​អ្នក​ដឹកជញ្ជូន​។​
​តាម​អាជ្ញាធរ​ថៃ​បញ្ជាក់ថា តាម​ធម្មតា​បើ​គេ​ជិះ​រថយន្ត​ឈ្មួ​លពី​ព្រំដែន​ច្រក​ប៉ោយប៉ែត​ដល់​បាងកក​អស់​ប្រមាណ​ជាង​២០០​បាត ឬ ស្មើ​ជិត​៣០ ០០០​រៀល​។ ចំណែក​ការធ្វើដំណើរ​តាម​រថភ្លើង​អាច​ចំណាយ​តិចជាង​នេះ ។ ទន្ទឹម​នោះ​ពលករ​ខ្មែរ​មួយចំនួន​ក្នុងចំណោម​ពលករ​ជាង​១​លាន​នាក់​ដែល​កំពុង​បំរើការ​ងារ​នៅ​ប្រទេស​ថៃ​ពួកគាត់​នឹងធ្វើ​ដំណើរ​មក​ស្រុកកំណើត​នៅ​អំឡុងពេល​ចូលឆ្នាំ​ខាងមុខនេះ​៕

1