ដោយ៖ប៉ែន សុផល
បាត់ដំបង៖មនុស្សស្លាប់២៩នាក់ និងរបួសធ្ងន់ស្រាលចំនួន៤៥នាក់ផ្សេងទៀតដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តបាត់ដំបងរយៈពេល៣ខែដើមឆ្នាំ២០១៧។
នៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០ដែលបានធ្វើឡើងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧នេះប្រធានអនុគណះកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត លោក ចន្ទ័ សុផល បានលើកឡើង នៅដើមឆ្នាំ២០១៧កន្លងមកនេះគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តបាត់ដំបងបានកើតឡើងចំនួន៤៥លើកបើធៀបនិង៣ខែចុងឆ្នាំ២០១៦បានថយចុះ១៣លើកបណ្តាលអោយមនុស្សស្លាប់ចំនួន២៩នាក់ខណះឆ្នាំ២០១៦មានមនុស្សស្លាប់ចំនួន៣១នាក់ថយចុះជាងឆ្នាំចាស់២នាក់។
លោកអភិបាលខេត្តបាត់ដំបងបានបន្តរថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងរយះពេល២ឆ្នាំចុងក្រោយនេះកើតមានជាក្រុមដែលបង្ករឡើងដោយការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនពាក់ខ្សែក្រវ៉ាត់ការពារ មិនពាក់មួកសុវត្ថិភាពនិងការឡើងជែងដោយប្រថុយប្រថានបង្ករអោយមានអ្នករបួសធ្ងន់ធ្ងរដល់ពិការនិងបណ្តាលអោយបាត់បង់ជីវិតមនុស្សជាមួយការខូចខាតទ្រព្យរដ្ឋ ឯកជនយ៉ាងច្រើន បន្សល់នូវក្មេងកំព្រា ស្ត្រីមេម៉ាយនិងប៉ះពាល់ផលវិបាកជាច្រើនទៀតដល់សង្គមទាំងមូល។
បើទោះជាករណីគ្រោះថ្នាក់ចរាចរណ៍និងអ្នកស្លាប់រួមទាំងអ្នករងរបួសមានការថយចុះខ្លះពិតមែន ក៍គណះកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានកំណត់យកថ្ងៃទី៤ ខែមេសាដែលមានមនុស្សស្លាប់តិចបំផុតត្រឹមម្នាក់កំណត់ធ្វើទិវាសប្តាហ៍ជាតិ។ ជាការវាយជួងជាថ្មីក្នុងការដាស់តឿនដល់អ្នកប្រើប្រាស់ផ្លូវទាំងថ្មើរជើង ទាំងអ្នកបើកបរយានយន្តគ្រប់ប្រភេទអោយផ្លាស់ប្តូរឥរិយាបទមានសណ្តាប់ធ្នាប់ មានការអធ្យាស្រ័យអោយគ្នាពិសេសត្រូវគោរពច្បាប់ចរាចរណ៍អោយត្រឹមត្រូវដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយទុក្ខសោក និងភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕