កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងមួយគ្រាប់ចូលក្នុងសមុទ្រជប៉ុន
សេអ៊ូល៖យោធាកូរ៉េខាងត្បូងបាននិយាយថា នៅព្រឹកថ្ងៃពុធនេះកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ចូលទៅក្នុងសមុទ្រជប៉ុន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនាមុននេះបន្តិច។
ការធ្វើតេស្ដរបស់កូរ៉េខាងជើងនេះធ្វើឡើងនៅវេលាម៉ោង៦ និង៤២នាទីព្រឹកនេះ ចេញពីតំបន់ Sinpo ឆ្ពោះទៅកាន់សមុទ្រជប៉ុន រយៈពេលតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ទីក្រុងព្យុងយ៉ាងព្រមានចាត់វិធានការសងសឹក បើសិនសហគមន៍អន្តរជាតិបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងខ្លួន។
ដោយឡែកបើតាមទីបញ្ជាការអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក មីស៊ីលដែលកូរ៉េខាងជើង បានធ្វើតេស្ដគឺជាប្រភេទ មីស៊ីលរយៈចំងាយមធ្យម Pukguksong-2។ ក៏ប៉ុន្តែភ្លាមៗពុំទាន់មានការបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលនេះទទួលបានជោគជ័យ ឬយ៉ាងណានោះទេ៕