ខេត្តបន្ទាយមានជ័យ៖សមត្ថកិច្ចថៃចាប់បញ្ជូនពលករខ្មែរតាមរថយន្តទ្រុងជាច្រើននាក់ មកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងមួយថ្ងៃៗរាប់រយនាក់ នៅចុងខែមីនា និងដើមខែមេសា២០១៧ ខណៈចំនួនពលករខុសច្បាប់ដែលភាគីថៃចាប់បញ្ជូនក្នុងខែមីនា មានជិត៩០០០នាក់ គឺច្រើនពេកហើយ ។
បើតាមសម្តីមន្ត្រីបំរើការងារនៅទីតាំងទទួលពលករក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត បានប្រាប់ថា នៅចុងខែមីនានិងដើមខែមេសានេះ ពលករបញ្ជូនពីថៃដោយរថយន្តទ្រុងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតហាក់មានការកើនឡើង ហើយថ្ងៃខ្លះមានរហូតជាង១០រថយន្តទ្រុង ឬជាង៧០០នាក់ ។
មន្ត្រីដដែលបន្តថា ចំនួនពលករថ្ងៃទី៣០មីនា មានចំនួន៣៣៦នាក់ ថ្ងៃទី៣១ មីនា មាន៤០១នាក់/ថ្ងៃទី០១ មេសា មាន៦៣៥នាក់ និងថ្ងៃទី០២ មេសា មានចំនួន៧១២នាក់។
ដោយឡែកពលករសរុបក្នុងខែមីនាមានចំនួន៨៧៨៤នាក់ ក្នុងនោះស្រីចំនួន៣១៧៥នាក់ និងកុមារ៨៩៥នាក់ ។ មន្ត្រីខាងលើប្រាប់ទៀតថា ពលករបញ្ជូនត្រឡប់ដើមខែមីនាមួយចំនួនធំទើបចេញពីកម្ពុជា ។ ពលករបញ្ជូនត្រឡប់នៅចុងខែមីនា និងដើមខែមេសា សុទ្ធតែជាពលករវិលត្រឡប់ពីតាមបណ្តាខេត្តក្រុងក្នុងប្រទេសថៃនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី ហើយត្រូវបានសមត្ថកិច្ចថៃចាប់ ពេលឆែករកឯកសារចេញចូលប្រទេសរបស់គេអត់ឃើញមានហើយចោទថា ជាពលករគ្មានច្បាប់ ។
បុរសវ័យចំណាស់មួយរូបឈ្មោះ នួន សិត អាយុ៧៤ឆ្នាំ នៅភូមិព្រៃទទឹង និយាយថា ការចាកចេញទៅរកការងារធ្វើនេះ ដោយសារនៅផ្ទះពួកគេមិនមានការងារណារកចំណូលបាន ហើយជីវភាពក្នុងគ្រួសារក៏ខ្សត់ខ្សោយផង ។
ចំណែកស្ត្រីចំណាស់ឈ្មោះ ជា ណាត អាយុ៥៧ឆ្នាំ និយាយថា នៅភូមិព្រៃទទឹងនេះ បើមានបុណ្យទានឬមានរៀបមង្គលការ គឺមិនមានមនុស្សចូលរួមទេ ដោយសារតែអ្នកភូមិបានចាកចោលផ្ទះអស់ហើយ នៅតែមនុស្សចាស់ៗប៉ុណ្ណោះជាអ្នកចាំផ្ទះ ។ ឯស្ត្រីអ្នកភូមិម្នាក់ទៀត បានចង្អុលទៅផ្ទះ៣ខ្នងដែរបិទទ្វារចោលនោះថា ផ្ទះ៣គ្រួសារនេះគេឱ្យគាត់ជាអ្នកចាំតែម្នាក់ឯងទេ ព្រោះម្ចាស់ផ្ទះទៅរកការធ្វើនៅស្រុកថៃអស់ទៅហើយ ។
លោក មូល ខុន ប្រធានភូមិព្រៃទទឹង បានឱ្យដឹងថា អ្នកភូមិព្រៃទទឹងមានជាង១០០គ្រួសារ តែជាង១០គ្រួសារបានចាកចេញចោលផ្ទះ និងជាង១០០នាក់ទៀតចាកចេញពីស្រុកកំណើត ទៅរកការងារធ្វើស្ងាត់ភូមិផងដែរ ។ លោកបន្តថា នេះគ្រាន់តែភូមិតូចមួយប៉ុណ្ណោះ មានប្រជាពលរដ្ឋជាង១០គ្រួសារចាកចោលផ្ទះនិងជាង១០០នាក់ ក៏បានចេញទៅរកការងារធ្វើនៅក្រៅស្រុក ។ លោកមេភូមិបញ្ជាក់ថា មិនមែនតែភូមិគាត់នេះទេដែលពលរដ្ឋបានធ្វើចំណាកស្រុក នៅភូមិផ្សេងទៀតក៏ច្រើនដែរ ។ ថ្វីបើភូមិសាស្ត្រស្រុកកំពង់ត្រាចជាប់ព្រំដែនប្រទេសវៀតណាម តែក្រុមអ្នកធ្វើចំណាកស្រុក បែរជាសម្លឹងទៅរកការងារធ្វើនៅប្រទេសថៃទៅវិញ៕