រុស្ស៊ី​នៅតែ​បន្ត​គាំទ្រ​រដ្ឋាភិបាល លោក អាស្សាដ ប្រឆាំងនឹង​ពួក​ភេរ​វករ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 April, 2017 ក+ ក-

​មូ​ស្គូ​៖​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​បាន​និយាយថា ទីក្រុង​មូ​ស្គូ​នៅតែ​បន្ត​គាំទ្រ​ប្រធានាធិបតី​ស៊ី​រី លោក បា​ស្សា អាល់​អាស្សាដ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង ពួក​ភេរ​វករ បើទោះជា​ខ្វះ​កិច្ចសហប្រតិបត្តិការ​ពី​សំណាក់ អន្តរជាតិ​។​
​អ្នកនាំពាក្យ​រូបនេះ​អះអាងថា រុស្ស៊ី​នឹង​ប្រើ​សិទ្ធិ​វ៉េតូ​ជំទាស់​នឹង​ដំណោះស្រាយ​ស្នើឡើង​ដោយ​សហរដ្ឋអាមេរិក បារាំង និង​អង់គ្លេស សំដៅ​ថ្កោលទោស​លើ​ការវាយប្រហារ​តាមផ្លូវ​អាកាស ដោយ​ប្រើប្រាស់​អាវុធ​គីមី សម្លាប់​ជន​ស៊ីវិល​រាប់សិប​នាក់​នៅក្នុង​ខេត្ត Idlib​។ នេះ​បើ​យោងតាម​សារព័ត៌មាន Sputnik​។​
​លោក ឌី​មី​ទ្រី ប៉េ​ស្កូវ បាន​ថ្លែង​ដូច្នេះ​ថា​៖ «​ទីក្រុង​មូ​ស្គូ​នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល ប្រធានាធិបតី​ស៊ី​រី លោក អាស្សាដ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក ភេរ​វករ បើទោះជា​យើង​ខ្វះ​កិច្ចសហប្រតិបត្តិការ​ពី​សំណាក់ អន្តរជាតិ ហើយ​នេះ​មិនមែនជា​កំហុស របស់​យើង​នោះទេ ក៏ប៉ុន្តែ​យ៉ាងណា រុស្ស៊ី​នៅតែ​ប្ដេជ្ញាចិត្ត បន្ត​កិច្ចខិតខំ ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​ភេរ​វករ រហូតដល់​ទីបំផុត​»​។
​ជុំវិញ​ករណីនេះ​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​កាលពី​ម្សិលមិញ​ដើម្បី​បោះឆ្នោត សម្រេច​លើ ដំណោះស្រាយ​មួយ​ស្នើឡើង​ដោយ​សហរដ្ឋអាមេរិក អង់គ្លេស និង​បារាំង ថ្កោលទោស ការវាយប្រហារ ដោយ​អាវុធ​គីមី​សម្លាប់​មនុស្ស​ជិត​១០០​នាក់ ក្នុងនោះ មាន​កុមារ​២០​នាក់ នៅក្នុង​ទីក្រុង Khan Sheikhun នៃ​ខេត្ត Idlib ដែល​ពួកគេ​ជឿជាក់ថា​ជា​ស្នាដៃ​របស់​កងកម្លាំងរ​ដ្ឋា​បាល​ស៊ី​រី​៕

fn-2017-04-05-20-33-15-0