ដោយ៖បក្សីចាំក្រុង
ភ្នំពេញ៖ស្ត្រីម្នាក់ដែលគេស្គាល់ថា ប្រពន្ធរបស់លោកហេង មេភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានលេងល្បែងចាញ់ អស់លុយហើយរហូតជំពាក់គេទៀត ក៏បានយករថយន្ត១គ្រឿងម៉ាក់ហាយលែនឌឺរ ទៅដាក់បញ្ចាំ ក្នុងតម្លៃ៦ពាន់ដុល្លារដើម្បី យកលុយទៅលេងល្បែងស្ដារដើម ប៉ុន្តែបែរជារឹតតែចាញ់ថែមទៀត រហូតគ្មានលុយទៅលស់យករថយន្តមក វិញក៏ត្រូវបានបុរសជាប្ដី ឃាត់ខ្លួនប្រគល់ឲ្យនគរបាល ធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលចោមចៅ កាលពីវេលាម៉ោង១១ និង៤០នាទី ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ប៉ុន្តែមិនបានបញ្ជាក់ថា ត្រឹមការអប់រំឬក៏ចាត់ការតាមច្បាប់ឡើយ។
សមត្ថកិច្ចបង្ហើបប្រាប់អោយបានដឹងថា ស្ត្រីរូបនោះ ឈ្មោះ ធា អាយុ៣២ឆ្នាំមានកូន៣នាក់ ជាប្រពន្ធលោក លឹម សម្បត្តិ ហៅហេង មេភូមិព្រៃព្រីង១ មានទីលំនៅក្នុងភូមិព្រព្រីខាងត្បូង១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បានយករថយន្ត១គ្រឿងម៉ាកហាយឡែនឌ័រ ទៅដាក់បញ្ចាំនៅកាស៊ីណូណាហ្គា ក្នុងតម្លៃ៦ពាន់ដុល្លារ បន្ទាប់ពីលេង ល្បែងបៀរនៅក្នុងកាស៊ីណូមួយនោះចាញ់អស់គូទខោ។
ស្ត្រីរូបនោះបាននិយាយថា មូលហេតុដែលនាងយករថយន្តទៅបញ្ចាំ គឺព្រោះតែចាញ់ល្បែង នាងបានទៅ លេងល្បែងនៅកាស៊ីណូណាហ្គា ប៉ុន្តែមុននិងទៅលេងល្បែងទីនោះ ដោយសារតែគ្មានលុយចាយគ្រប់គ្រាន់ នាងបានជំពាក់លុយគេ ហើយគ្មានលុយសម្រាប់សងគេ ក៏បានទៅលេងល្បែងក្រែបានលុយសងគេ ប៉ុន្តែមិននឹកស្មានថា កាន់តែលេងកាន់តែចាញ់សោះ រហូតជំពាក់គេថែមទៀត។ ទើបនាងសម្រេចចិត្តយក រថយន្តម៉ាកហាយឡែនឌ័រ ១គ្រឿងទៅដាក់បញ្ចាំយកលុយលេងល្បែងក្នុងបំណងស្ដារដើម តែស្ដារមិនរួច បានចាញ់អស់ ហើយក៏ត្រូវបានលោកប្ដីឃាត់ខ្លួនប្រគល់ឲ្យនគរបាលបែបនេះតែម្ដង៕