ហ្វីលីពីន​បញ្ជូន​កម្លាំង​យោធា​ទៅកាន់​កាប់​កោះ​មួយចំនួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 April, 2017 ក+ ក-

​ម៉ានីល​៖​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បានចេញ​បញ្ជា​ឲ្យ​បញ្ជូន​កងទ័ព​កម្លាំងយោធា ទៅ​ឈរជើង​តាម​បណ្តា​ប្រជុំ​កោះ រួមទាំង​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នៅ​ទំនេរ​នានា​នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Channel News Asia​។​
​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្នុងការ​ធ្វើដំណើរ​ទស្ស​ន​កិច្ច​ទៅកាន់ បន្ទាយ​ទាហាន​មួយកន្លែង​នៅលើ​កោះ Palawan ភាគ​ខាងលិច​ប្រទេស ដែល​ស្ថិត​នៅក្បែរ​ប្រជុំ​កោះ Spartly នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង ដែលមាន​បញ្ហា​វិវាទ មេដឹកនាំ​ហ្វីលីពីន រូបនេះ​បាន​លើកឡើងថា «​វា​ហាក់ដូចជា​អ្នក​រាល់គ្នា​កំពុងតែ​ព្យាយាម​ដណ្តើម​កាន់កាប់​បណ្តា​កោះ​ទៅ​ទីនោះ (​សមុទ្រ​ចិន​ខាងត្បូង​) រៀងៗ​ខ្លួន ហេតុដូច្នេះ​ហើយ​យល់​ល្អ​យើង​គួរតែ​ទៅ​រស់​នៅលើ​កោះ​នានា​ដែល​នៅ​ទំនេរ​នៅឡើយ​»​។​
​លោក ឌូ​តឺ​តេ បន្តថា វា​ដល់ពេល​ហើយ​សម្រាប់​កសាង​មូលដ្ឋាន​ផ្សេងៗ​នៅ​ទីនោះ ហើយ​បង្ហូតទង់ជាតិ ហ្វីលីពីន​ឡើង ដើម្បី​យ៉ាងហោចណាស់​អាច​ទទួលបាន​ចំណែក​ដែលជា​របស់​ហ្វីលីពីន និង​បញ្ជាក់​ឲ្យ​គូវិវាទ​ដឹងថា​វា​គឺជា​របស់ ទីក្រុង​ម៉ានីល ដែល​បានទាមទារ​ធ្វើការ​គ្រប់គ្រង​លើ​កោះ​និង​ថ្ម​ប៉ប្រះ​ទឹក​ចំនួន​ពី​០៩​ទៅដល់​១០​កន្លែង​។​
​គួរ​បញ្ជាក់ថា ចិន​បាន​អះអាងថា ផ្នែក​ជាច្រើន​នៃ​សមុទ្រ​ចិន​ខាងត្បូង​គឺជា​កម្មសិទ្ធិ​របស់ខ្លួន ដែល​អាច​ទាញយក​ប្រយោជន៍​ពី​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ទីនោះ​បាន​ចំនួន​៥ ទ្រី​លាន​ដុល្លារ​អាមេរិក​រាល់​ឆ្នាំ​។ ចំណែក​ប្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន ហ្វីលីពីន វៀតណាម និង​តៃវ៉ាន់ ក៏​អះអាងថា ពួកគេ​មាន​ចំណែក​នៅ​ទី​នោះដែរ​៕

1