ខេត្តស្វាយរៀង៖មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរចោមរោមមើលយ៉ាងច្រើនកកកុញ ខណៈដែលឮសមត្ថកិច្ចនគរបាលបានទទួលពាក្យបណ្ដឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះថា បុរសអ្នកលក់ម៉ាំល្ហុងម្នាក់បានចាប់រំលោភរហូតបានសម្រេច។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបញ្ជាក់ថា បុរសសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ផន ចំរើន អាយុ ២៤ឆ្នាំ មុខរបរ លក់ម៉ាំល្ហុងមានទីលំនៅភូមិព្រែកតាមែម ឃុំព្រែកតាមែម ស្រុកកោះធំ ខេត្ត កណ្ដាល បច្ចុប្បន្នស្នាក់នៅផ្ទះសំណាក់មហាលាភ ស្ថិតនៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុង ស្វាយរៀង។ រីឯក្មេងស្រីរងគ្រោះមាន អាយុ១៣ឆ្នាំ។ សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថា កាលពីវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ស្ត្រីឈ្មោះ ម៉ី សារិន អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង បានចូលមកប្ដឹងនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដោយប្តឹងទៅលើឈ្មោះ ផន ចំរើន ថា បានរំលោភសេពសន្ថវៈ ទៅលើក្មួយស្រីរបស់ខ្លួន រហូតបានសម្រចកាលពីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅលើផ្ទះ របស់ឈ្មោះ កើត វិចិត្រ នៅភូមិ មេភ្លើង សង្កាត់ ស្វាយរៀងក្រុង ស្វាយរៀង ។
ប្រភពបន្តថា ក្រោយមកគាត់ ក៏មានការងឿងឆ្ងល់និងអាការះក្មួយស្រីខុសធម្មតាទើបសួរនាំក៏បែកធ្លាយតែម្ដង។ ក្រោយពីសមត្ថកិច្ចបានសួរនាំជនសង្ស័យឈ្មោះ ផន ចំរើន ក៏បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះប្រាកដមែន ។
បច្ចុប្បន្ន បុរសជាជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់៕
ឃាត់ខ្លួនអ្នកលក់ម៉ាំល្ហុងម្នាក់ចាប់រំលោភក្មេងស្រីអនីតិជន