ខេត្តកំពង់ស្ពឺ៖ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានអះអាងប្រាប់អ្នកសារព័ត៌មានថា កម្លាំងនគរបាលខេត្តកំពង់ស្ពឺ កំពុងតាមចាប់ស្ត្រីជាសកម្មជនបក្សប្រឆាំង ដែលបានប្រមាថរូបមេដឹកនាំកំពូល របស់គណបក្សប្រជាជនកម្ពុជា ហើយបានបង្ហោះនៅលើបណ្តាញហ្វេសប៊ុក។
ឧត្តមសេនីយ៍ សម សាមួន ស្នងការខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបានឃើញស្ត្រី ដែលប្រមាថថ្នាក់ដឹកនាំខាងលើរូបនោះ សូមជួយឃាត់ខ្លួន ឬរាយការណ៍មកកាន់សមត្ថកិច្ចភ្លាមៗ ដើម្បីសមត្ថកិច្ចនាំខ្លួនស្ត្រីនោះ មកចាត់ការតាមនីតិវិធីនៃច្បាប់។ លោកថា ការតាមចាប់ស្ត្រីរូបនោះគឺ បន្ទាប់ពីតុលាការបង្គាប់ឲ្យស្ត្រី ជាសកម្មជនបក្សប្រឆាំង ចូលខ្លួនមកបំភ្លឺ នៅស្នងការនគរបាលខេត្តកំពង់ស្ពឺស្ត្រីរូបនោះបានគេចខ្លួន។
សូមជម្រាបថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក កែវ សុធា បានចេញដីកាកោះហៅ ស្ត្រីសកម្មជនគណបក្សប្រឆាំង ឈ្មោះ សំ សុខា អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឲ្យចូលខ្លួនឆ្លើយបំភ្លឺ នៅចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឲ្យបានមុនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ពាក់ព័ន្ធនឹងបទប្រមាថ និងញុះញង់ឲ្យមានការរើសអើង៕