ក្រសួងនឹងបណ្តេញលោក ឈាន ពិសិដ្ឋ ចេញពីក្របខណ្ឌនគរបាល
រាជធានីភ្នំពេញ៖ក្រសួងមហាផ្ទៃបានឲ្យដឹងថា នឹងបណ្តេញនាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ ពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ហើយថានឹងចាប់យកទៅផ្តន្ទាទោសតាមច្បាប់។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងថា ក្រសួងមហាផ្ទៃកំពុងប្រជុំ និងពិនិត្យមើលឯកសារនិងភស្តុតាងមួយចំនួន ដែលលោក ឈាន ពិសិដ្ឋ បានបាញ់លើលោក សេម មករា កាលពីថ្ងៃទី៩មេសា ។ លោកថា ក្រោយពីប្រជុំ លោក ពិសិដ្ឋ នឹងត្រូវបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ និងស្វែងរកបុគ្គលរូបនោះយកទៅផ្តន្ទាទោសតាមច្បាប់។
យ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ បានបង្ហើបថា សមត្ថកិច្ចបានដឹងពីតម្រុយខ្លះៗ ដែលលោក ពិសិដ្ឋ លាក់ខ្លួនខ្លះហើយ ហើយនឹងបើកប្រតិបត្តិការនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់៕