ខេត្តកណ្តាល៖បុរសម្នាក់សង្ស័យស្រវឹងស្រាទៅដេកលើថ្នល់រថភ្លើង ត្រូវរថភ្លើងកិនដាច់ក្បាលស្លាប់យ៉ាងអាណោចអាធ័ម ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិអង្គខ្លើរ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ប្រភពពត៌មានពីមិត្តភក្តិរបស់ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ ពួកគេនាំគ្នាហូបស្រា ដល់ពេលស្រវឹង ជនរងគ្រោះក៏ទៅដេកលេងនៅចំណុចកើតហេតុ រហូតដល់ដេកលក់ជ្រុលភ្លេចខ្លួនក៏ត្រូវរថភ្លើងកិនដាច់ក្បាលស្លាប់បែបនេះតែម្តង លុះដល់វេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ទើបប្រជាពលរដ្ឋប្រទះឃើញសាកសព។ ប្រភពដដែលបានអោយដឹងដែរថា ជនរងគ្រោះមានឈ្មោះ លី សុខជា ភេទ ប្រុស អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្បូងក្តី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្រោយកើតហេតុសមត្ថិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសពនៅកន្លែងកើតហេតុនិងរៀបចំឯកសារប្រគល់សាកសពអោយក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕