អាមេរិក​ព្រមាន​បើក​ការវាយប្រហារ​កូរ៉េខាងជើង​បើ​ចិន​មិន​ព្រម​ជួយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 April, 2017 ក+ ក-

​វ៉ាស៊ីនតោន​៖​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ម្សិលមិញ​បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​ដោះស្រាយ​ជាមួយ​កូរ៉េខាងជើង ដោយ​គ្មាន​ចិន​នៅក្នុង​ករណី​ចាំបាច់ ហើយ​ដែល​ពាក្យ​នេះ​លោក​ក៏​ធ្លាប់​និយាយ​ដែរ មុននឹង​បញ្ជា​ឱ្យ​បើក​ការវាយប្រហារ លើ​ស៊ី​រី​កាលពី​សប្ដាហ៍​មុន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia​។​
​លោក ត្រាំ បាន​សរសេរ​នៅលើ Twitter ដូច្នេះ​ថា​៖ «​កូរ៉េខាងជើង កំពុង​រករឿង​ដាក់​ខ្លួនឯង (…) បើសិនជា​ចិន​សម្រេចចិត្តថា ព្រម​ជួយ​វា​គឺ​រឿង​ល្អ​បំផុត ក៏ប៉ុន្តែ​បើ​ពួកគេ មិន​ជួយ​ក៏​មិន​អី​ដែរ យើង​នឹង​ដោះស្រាយ​បញ្ហា​ដោយ​គ្មាន​ពួកគេ​។ ម្យ៉ាងវិញទៀត ខ្ញុំ​ក៏បាន​ពន្យល់​ប្រាប់​ប្រធានាធិបតី​ចិន​ហើយ​ដែរ (​លោក ស៊ី ជិន​ពីង​)​ថា កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​នឹង​ល្អប្រសើរ​សម្រាប់​ទីក្រុង​ប៉េកាំង បើសិនជា​ព្រម​ជួយ​យើង​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​»​។​
​លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​មិន​ស្ទាក់ស្ទើរ​ជាដាច់ខាត​ក្នុងការ​ប្រើប្រាស់​កម្លាំងយោធា​លើ​កូរ៉េខាងជើង បើសិន​វា​ចាំបាច់​ត្រូវ តែ​ធ្វើ​វា​មែន​នោះ​៕

fn-2017-04-12-01-26-52-0