ម៉ានីល៖អាជ្ញាធរហ្វីលីពីននិយាយថា មនុស្ស៨នាក់មានទាំងជនសង្ស័យជាពួកឧទ្ទាមអាប៊ូសាយ៉ាហ្វ៥នាក់ និងមន្ត្រី៣នាក់ត្រូវបានគេសម្លាប់កាលពីម្សិលមិញ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយក្រុមចាប់ជំរិតនៅលើកោះលម្ហែកាយបូហូល។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យយោធាហ្វីលីពីន លោក អែដហ្កាដ អារ៉េវ៉ាឡូ បាននិយាយថា លោកបានទទួលសេចក្ដីរាយការណ៍ថា សត្រូវ៥នាក់ត្រូវបានសម្លាប់ ហើយរឹបអូសបានកាំភ្លើងយន្ត៤គ្រឿងពីក្រុមឧទ្ទាម។ ប៉ុន្តែ លោកថា មនុស្ស៣នាក់របស់រដ្ឋាភិបាលក៏ត្រូវបានសម្លាប់ផងដែរ ខណៈមន្ត្រី២នាក់ទៀតរងរបួស។ លោកបញ្ជាក់ថា ការប៉ះទង្គិចនេះបានកើតឡើងក្រោយពីស្ថានទូតអាមេរិក និងអូស្ត្រាលី បានព្រមានទៅពលរដ្ឋរបស់ពួកគេនៅសប្ដាហ៍នេះ អំពីការចាប់ជំរិតបង្កឡើងដោយក្រុមភេរវជននៅភាគកណ្ដាលហ្វីលីពីន។
គួរបញ្ជាក់ថា កោះបូហូលគឺជាមរណីយដ្ឋានទេសចរណ៍ដ៏ធំមួយ ជាទីដែលភ្ញៀវទេសចរហែលទឹកប្រលែងលេងជាមួយត្រីឆ្លាមរូបរាងបាឡែន និងជិះទូកកម្សាន្តលើទឹកទន្លេថ្លាដូចកញ្ចក់ ព្រមទាំងឆ្នេរខ្នាច់សចិញ្ចាច៕