រាជធានីភ្នំពេញ៖មនុស្ស៥៤នាក់បានស្លាប់ ខណៈ២២៦នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ក្នុងរយៈពេល៥ថ្ងៃ អំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣ ដល់១៧ ខែមេសា ឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។
របាយការណ៍ដដែលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល៥ថ្ងៃ កើតឡើងចំនួន១២១លើក ខូចខាតម៉ូតូ១៤៤គ្រឿង រថយន្តតូច៤៤គ្រឿង រថយន្តធំ៨គ្រឿង និងយានផ្សេងៗ៥គ្រឿង ហើយមូលហេតុដែលនាំឲ្យកើតគ្រោះថ្នាក់ចរាចរណ៍រួមមាន បើកបរល្បឿនលឿន បើកបរស្រវឹង បើកបរជែង មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ កត្តាយានយន្ត និងងងុយដេក។
ចំណែកខេត្តដែលកើតគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺខេត្តបាត់ដំបង១២លើក ស្លាប់១២នាក់ របួស១៧នាក់, ខេត្តកំពង់ធំ ៩លើក ស្លាប់៧នាក់ របួស២៦នាក់, ភ្នំពេញ ៧លើកស្លាប់៥នាក់ របួស១០នាក់, ស្វាយរៀង១០លើក ស្លាប់៤នាក់ របួស២៣នាក់, ក្រចេះ៩លើក ស្លាប់៣នាក់ របួស១៣នាក់, ខេត្តព្រះវិហារ៧លើក ស្លាប់៣នាក់ របួស១០នាក់, ខេត្តព្រៃវែង ៣លើកស្លាប់៣នាក់ របួស៣នាក់ និងខេត្តព្រះសីហនុ ៣លើកស្លាប់៣នាក់។
ដោយឡែករបាយការណ៍បានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នេះ ដែលជាថ្ងៃបងប្អូនប្រជាពលរដ្ឋសម្រុក តឡប់មកពីស្រុកកំណើតមកបំពេញ ការងារដូចធម្មតាវិញ គ្រោះថ្នាក់ចរាចរណ៍កើតឡើង២៦ករណី ស្លាប់១២នាក់ និង៤៧នាក់រងរបួសធ្ងន់ស្រាល៕