បំផ្ទុះ​រថយន្ត​អត្តឃាត​នៅ​ស៊ីរីម្លាប់​មនុស្ស​១២៦​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 April, 2017 ក+ ក-

​អា​ឡេ​ប៉ូ​៖​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​បាន​ឲ្យ​ដឹងថា ការ​បំផ្ទុះ​រថយន្ត​អត្តឃាត​ស្ថិត​នៅក្បែរ​រថយន្តក្រុង​ជាច្រើន​គ្រឿង នៅ​ទីក្រុង​ជាប់​ជាយ​ខេត្ត​អា​ឡេ​ប៉ូ ដែល​ទាហាន​ស៊ី​រី ទើបតែ​ទទួលបាន​មកវិញ​ពី​ពួក​ឧទ្ទាម បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១២៦​នាក់ ក្នុងនោះ​ភាគច្រើន​ជា​កុមារ​រហូតដល់​៦៨​នាក់​បាន​ស្លាប់​។​
​ប្រភព​ដដែល​បញ្ជាក់ថា ការវាយប្រហារ​ខាងលើនេះ​កើតឡើង​នៅក្នុង​សង្កាត់ Rashidin នៃ​ភាគ​ខាងលិច​ខេត្ត​អា​ឡេ​ប៉ូ ដែល​បាន​កើតឡើង​នៅ​ថ្ងៃ​សៅរ៍ ដែលមាន​គោលដៅ​ទៅលើ​ប្រជាជន​ដែល​ភៀសខ្លួន​ពី​ទីក្រុង Fuaa និង Kafraya ដែល​រដ្ឋាភិបាល​ស៊ី​រី​ទទួល​កាន់កាប់​មកវិញ បន្ទាប់ពី​មានការ​ព្រមព្រៀងគ្នា​ជាមួយ​ពួក​ឧទ្ទាម​។ នេះ​បើ​យោងតាម​ព័ត៌មាន CNN ។
​សារព័ត៌មាន​ខាងលើ​បញ្ជាក់ថា ជន​បំផ្ទុះ​អត្តឃាត​ម្នាក់​បាន​ឱប​គ្រាប់បែក​ចូលទៅ​ក្បួន​រថយន្ត​មួយ ដែល​ចត​នៅក្បែរ​រថយន្តក្រុង​ដឹក​មនុស្ស​ភៀសខ្លួន​ជាច្រើន រួច​ក៏​បំផ្ទុះ​ខ្លួនឯង​ឡើង​តែម្តង​។ ទោះជា​យ៉ាងណា​ចំនួន​មនុស្ស​ស្លាប់​អាច​នឹង​បន្ត​កើន​ចំនួន​ថែមទៀត ព្រោះ​អ្នករងរបួស​មាន​រហូត​ដល់​ទៅ​រាប់សិប​នាក់​ទៀត​ឯណោះ ខណៈដែល​រដ្ឋបាល​ស៊ី​រី​បាន​អះអាងថា វា​ជា​ទង្វើ​របស់​ក្រុម ISIS ផងដែរ​៕

fn-2017-04-16-09-38-16-1fn-2017-04-16-09-50-51-0 fn-2017-04-16-09-51-00-0