CNRP នឹងធ្វើ​សមាជ​នៅ​ថ្ងៃ​២៥​មេសា រឿង​អនុប្រធាន​បក្ស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 April, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​គណបក្ស​សង្គ្រោះ​ជាតិ​នឹងធ្វើ​សមាជ​វិសាមញ្ញ​ជាថ្មី​ម្ដងទៀត ដើម្បី​ជ្រើសរើស​អនុប្រធាន​ឡើងវិញ បន្ទាប់ពី​ក្រសួងមហាផ្ទៃ​បានប្រកាស​ទទួលស្គាល់​តែ​លោក កឹម សុខា ជា​ប្រធាន​បក្ស​តែ​មិន​ទទួលស្គាល់​អនុប្រធាន​៣​រូប​ទៀត ក្រោម​ហេតុផល​មិនត្រូវ​តាម​លក្ខន្តិកៈ​គណបក្ស​។​
​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹងថា ការធ្វើ​សមាជ​វិសាមញ្ញ​ជាថ្មី​ម្តងទៀត គឺ​នៅ​ថ្ងៃទី​២៥ មេសា ឆ្នាំ​២០១៧ ដើម្បី​ពិនិត្យ​លើ​វិសោធនកម្ម​លក្ខន្ដិកៈ​គណបក្ស និង​ដើម្បី​ជ្រើស​អនុប្រធាន​បក្ស​។ លោក​បន្តថា ការរៀបចំ​ធ្វើ​សមាជ​វិសាមញ្ញ​ថ្មី​នេះ ធ្វើឡើង​បន្ទាប់ពី​គណបក្សប្រឆាំង​បានរៀបចំ​ឲ្យ​មាន​កិច្ចប្រជុំ​មួយ កាលពី​ថ្ងៃទី​១៧ ខែមេសា នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ក្នុង​រាជធានី​ភ្នំពេញ​។​
​សូមជម្រាបថា ក្រសួងមហាផ្ទៃ​បាន​បដិសេធ​មិនបាន​ទទួលស្គាល់ លោក ប៉ុល ហំ​ម លោកស្រី មួរ សុខ​ហួរ និង​លោក អេង ឆៃអ៊ាង ជា​អនុប្រធាន​គណបក្ស​នោះទេ ដោយ​លើក​ហេតុផល​ថា ការជ្រើសរើស​អនុប្រធាន​៣​រូបនេះ គឺ​ខុស​នឹង​លក្ខន្ដិកៈ​ថ្មី របស់​គណបក្សប្រឆាំង​ត្រង់​ប្រការ​៤៧​ថ្មី របស់​គណបក្ស​សង្គ្រោះ​ជាតិ​៕

CNRP-Members