អង់គ្លេស៖នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានប្រកាសថា លោកស្រីមានគំរោងក្នុងការស្នើឲ្យមានការរៀបចំការបោះឆ្នោតសកលមុនកាលកំណត់ គឺនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះទិសដៅគឺពង្រឹងអំណាចបក្សអភិរក្សនៅសភាដើម្បីសម្រួលដល់រដ្ឋាភិបាលក្នុងការចរចាប្រិចស៊ីតជាមួយសហភាពអឺរ៉ុប។ នេះបើយោងតាមសារព័ត៌មាន BBC។
តាមធម្មតាការបោះឆ្នោតសកលទូទៅរបស់អង់គ្លេសនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ឯណោះទេ ប៉ុន្តែដោយសារអង់គ្លេសត្រូវចរចាជាមួយអឺរ៉ុប២ឆ្នាំ ដើម្បីអាចដើរចេញពីអឺរ៉ុប អោយដាច់ស្រឡះ នៅរវាងឆ្នាំ២០១៩ និងដោយសារតែភាពមិនច្បាស់លាស់ជាច្រើនបានកើតឡើង រួមទាំងបញ្ហាសន្តិសុខដែលនាំឲ្យមានរង្គោះរង្គើដល់រដ្ឋាភិបាលនោះ ទើបលោកស្រីសម្រេចរៀបចំការបោះឆ្នោតជាបន្ទាន់មួយមុនកាលកំណត់ ពោលគឺនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
សម្រាប់នាយករដ្ឋមន្ត្រីអង់គ្លេស បក្សប្រឆាំងនៅសភា សព្វថ្ងៃនេះចង់បង្អាក់ការងាររបស់លោកស្រី ហើយដោយសារជំហរបក្សប្រឆាំង សមត្ថភាពចរចាប្រិចស៊ីតរបស់រដ្ឋាភិបាលអាចនឹងចុះខ្សោយ ប្រឈមនឹងដៃគូចរចាជាសហភាពអឺរ៉ុប។
សារព័ត៌មានដដែលបញ្ជាក់ថា ដើម្បីអាចរៀបចំការបោះឆ្នោតសភាមុនអាណត្តិ នាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវតែមានសម្លេងគាំទ្រពីតំណាងរាស្ត្រ ២ភាគ៣។ បក្សប្រឆាំងនិងបក្សមួយចំនួនមិនសប្បាយចិត្តនឹង ការប្រកាសរបស់លោកស្រី Theresa May ចង់បោះឆ្នោតសភាមុនកំណត់នេះទេ។ ទោះយ៉ាងនេះក្តី បក្សការងារដែលជាបក្សប្រឆាំងធ្លាប់ប្រាប់ថា មិនជំទាស់នឹងការរៀបចំបោះឆ្នោតមុនអាណត្តិទេ។
បើយោងតាមការស្ទាបស្ទង់មតិ ប្រជាប្រិយភាពរបស់បក្សអភិរក្សនាំមុខបក្សប្រឆាំង ហើយប្រជាប្រិយភាពរបស់លោកស្រី Theresa May ក៏នាំមុខប្រជាប្រិយភាពលោកចេរេមី ឃរប៊ីន ជាមេដឺកនាំបក្សប្រឆាំងដែរ។ ពលរដ្ឋអង់គ្លេស៥០ភាគរយ ពេញចិត្តអោយលោកស្រី Theresa May ធ្វើជានាយករដ្ឋមន្ត្រី ខណៈលោកឃរប៊ីន មកពីបក្សប្រឆាំង បានទទួលការគាំទ្រត្រឹមតែ១៤ភាគរយ៕